អភិបាលខេត្តកណ្ដាល បានអញ្ជើញសំណេះសំណាល ក្នុងពិធីប្រគល់អណ្ដូងស្នប់ និង អំណោយជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និង ស្រុកពញាឮ


កណ្ដាល ៖នៅថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសំណេះសំណាល ក្នុងពិធីប្រគល់អណ្ដូងស្នប់ និង អំណោយជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និង ស្រុកពញាឮ ខេត្តកណ្ដាល ។

ពិធីនេះបានប្រារព្ធធ្វើនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការចូលរួមពី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង ស្រុកពញាឮ និង ម្ចាស់អំណោយផងដែរ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ដោយពិនិត្យឃើញប្រជាពលរដ្ឋរស់នៅឃុំចំនួន៣ ក្នុងស្រុកកណ្ដាលស្ទឹង និង ឃុំឈ្វាំង ក្នុងស្រុកពញាឮ រស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ប្រជាពលរដ្ឋជួបការលំបាកខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ ទើបរដ្ឋបាលខេត្តបានសម្រេចផ្ដល់នូវអណ្ដូងទឹកដល់ស្រុកកណ្ដាល ស្ទឹង ចំនួន៣ និងស្រុកពញាឭ ចំនួន៤ ។ ទន្ទឹមនឹងនោះឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីសម្របសម្រួលតបណ្តាញប្រព័ន្ធទឹកស្អាតឱ្យប្រជាពលរដ្ឋយើងប្រើប្រាស់។

ឆ្លៀតនាឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍តាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ដោយរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយត្រូវបន្តការពារខ្លួនរបស់យើងពីជំងឺកូវីដ-១៩ ពិសេសប្រភេទថ្មី ដែលតា (Delta) ទោះបីនៅ កន្លែងណាក៏ដោយ។ ពិសេសអនុវត្តន៍អនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាយ័ន្តដ៏ស័ក្តិសិទ្ធិ គឺ៖៣ការពារ និង៣កុំ។

ឯកឧត្ដម គង់  សោភ័ណ្ឌ បន្តថា រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយអនុវត្តន៍កិច្ចការនេះជាប្រចាំដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋាន ពិសេសត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តន៍នូវលក្ខណៈសម្បត្តិ ទាំង ៧ចំណុច របស់ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យបានល្អប្រសើរផងដែរ ៕​