ភ្នំពេញ ៖ ក្រសួងបរិស្ថាន គាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ខាងមុខនេះ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឱ្យឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ នាទីស្តីការក្រសួង ។
ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា ឯកឧត្តម Park Heung Kyeong បានថ្លែងនូវការកោតសរសើរចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ Cop-28 ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកា ចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិអាកាសធាតុបៃតង(GCF)។
ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែម ទៅលើគម្រោង ODA ( Official Development Assistant) ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ជាមួយកម្ពុជា និងបានស្នើសុំឱ្យកម្ពុជាគាំទ្រផងដែរ ដល់ក្រុមហ៊ុនវិនិយោគកូរ៉េ ដែលមានបំណងមកដាំឫស្សី ក្នុងពេលឆាប់ៗនេះ។
ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះការស្នើសុំដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និង កសិកម្ម ក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យកូរ៉េបន្តជំរុញបច្ចេកទេសលើវិស័យកសិកម្ម ដែលបន្ស៊ីទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាពូជស្រូវ និង ពូជដំណាំជាដើម ៕