រដ្ឋមន្ត្រីក្រសួងបរិស្ថានពិភាក្សាការងារការ ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ


សុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងបរិស្ថាន ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ អំឡុងពេលជួបប្រជុំពិភាក្សាការងារជាមួយ លោក James Larsen អ្នកសម្របសម្រួលកិច្ចការប្រែប្រួលអាកាសធាតុ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាប់យកកាលានុវត្តភាព តាមរយៈការវិនិយោគចម្បងៗ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចបានឆាប់រហ័ស។

ប្រភពខាងលើឱ្យដឹងថា កិច្ចប្រជុំដែលផ្តោតសំខាន់លើទស្សនៈវិស័យរបស់ប្រទេសអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ។

លោក James Larsen បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីពិភាក្សាកិច្ចការងារប្រែប្រួលអាកាសធាតុ។ លោកបានបញ្ជាក់ថា ប្រទេសអូស្រ្តាលី បានផ្តល់ការគាំទ្រជាច្រើនដល់បណ្តាប្រទេសតាមដងទន្លេមេគង្គរួមមានប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹក និងការអប់រំបរិស្ថាន។ ចំពោះសន្និ បាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ប្រទេសអូស្រ្តាលី គាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការរៀបចំកិច្ចប្រជុំទល់មុខគ្នា ដែលផ្តល់ឱកាសដល់គ្រប់រដ្ឋជាសមា ជិក បានជជែកគ្នាដោយផ្ទាល់។

លោកបន្តថា ប្រទេសអូស្រ្តាលីបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាគ្នា អំពីការផលិតអគ្គិសនីដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន នៅក្នុងសន្និបាតសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីជាជម្រើសមួយដ៏ប្រសើរសម្រាប់លើកកម្ពស់ផែនការ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាបរិស្ថានសកល។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកជាសំណើពីររួមមាន៖ ទី១- បង្កើតមជ្ឈមណ្ឌលចែករំលែកព័ត៌មាន អំពីថាមពលឧស្ម័នអ៊ីដ្រូសែន ដោយមានការចូលរួមពីក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់ប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។ ទី២- បង្កើតឱ្យមានផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី ៕