ព្រះមហាក្សត្រខ្មែរ យាងដល់ប្រទេសបារាំង ប្រកបដោយព្រះសុវត្ថិភាព


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព។

ឯកឧត្តម កេត សុផាន់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានបង្ហោះលើទំព័រហ្វេសប៊ុក កាលពី៣ម៉ោងមុនដោយបានបង្ហាញព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រខ្មែរនៃការយាងដល់ព្រលានយន្តហោះ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញនូវក្តីរីករាយ ដែលបានក្រាបបង្គំទទួលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំខាន់ៗរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា៕