សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ (៤ទំព័រ)


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំ។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវបញ្ហាប្រឈមរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។ សម្តេចតេជោ បានគូសរំលេចថា ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាននោះ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ យើងរីកចម្រើន (We Care, We Prepare, We Prosper)»។

បន្ថែមពីលើនោះ ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំសំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាប័ន្ន។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន ហើយបានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ខិតខំប្រឹងប្រែងដើម្បីសម្រេចការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅក្នុងតំបន់អាស៊ាននេះ។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយ បណ្តាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ានឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច អាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា) ASEAN A.C.T. Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖