ឯកឧត្តម សុខ ពុទ្ធិវុធ បន្តចុះជួបសមាជិកបក្សនៅឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ


ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការបក្ស នៅភូមិត្រពាំងប្រិយ៍ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ជាង សុភ័ក្រ សហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអង្គខ្នុរ អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអង្គខ្នុរ គណៈកម្មាធិការគណបក្សស្រុកទ្រាំង ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គណៈកម្មាធិការគណបក្សឃុំអង្គខ្នុរ ក្រុមការងារការិយាល័យបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

នាឱកាសនោះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបាននាំមកនូវ សុខសន្តិភាពពេញលេញនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបានបន្តថា ស្តែងក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា នៅតាមបណ្ដាមូលដ្ឋានឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ មិនដែលមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំខាងនយោនបាយ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ។

បន្ថែមពីនេះ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សូមគៀងគរបងប្អូនមិត្តភត្តិឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាដើម្បីគាំទ្របេក្ខជន ក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោតផងដែរ៕