ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង១ខ្សែជាង១០គីឡូម៉ែត្រ នៅស្រុកមេសាង ខេត្តព្រៃវែង


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងបេតុង១ខ្សែ ប្រវែង១០,៦៧៩ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) នៅបរិវេណវត្តពោធិមង្គល ហៅវត្តចំបក់ ភូមិពោធិរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ផ្លូវនេះតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

គម្រោងនេះ នឹងត្រូវអនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន៦៧លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ មានសមាសភាពចំនួនពីរគឺ៖

ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ចំនួន ៧៥ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុង ចំនួន ៧៥ ស្រះនៅក្នុងខេត្តគោលដៅចំនួន ៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្ត កោះកុង។

ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕