(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូត្រ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅស្ថានទូតចិនប្រចាំកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងកម្មវិធីនេះ មានការបញ្ចាំងវីដេអូឯកសារ ដែលពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងចិន ក្រោមស្នាព្រះហស្ថរបស់ ព្រះបរមរតនកោដ្ឋ ក្រោយការជួបជាមួយ លោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន នៅក្នុងសន្និសីទបានដុង ក៏ដូចជាការកសាងចំណងមិត្តភាពបន្តិចម្តងៗ រវាងប្រទេសទាំងពីរ នៅអតីតកាល។
ក្នុងវីដេអូ ដែលត្រូវបានបញ្ចាំងលើផ្ទាំងអេក្រង់ ដែលនៅខាងឆ្វេងមានរូបអង្គរវត្តខ្មែរ និងខាងស្តាំមានរូបមហាកំពែងចិន ក៏បានរៀបរាប់ពីការប្រកៀកស្មាគ្នា និងគាំទ្រគ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ នៅលើឆាកតំបន់និងអន្តរជាតិ ជាពិសេសការពូតដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅបច្ចុប្បន្នកាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតី ស៉ី ជិនពីង ជាប្រមុខដឹកនាំ។
ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងថា ព្រះបរមរតនកោដ្ឋ គឺជាតួអង្គជាទីស្រលាញ់ របស់ប្រជាជនកម្ពុជា និងជាមិត្ត ដែលទទួលបានការស្រឡាញ់ ពីប្រជាជនចិន។ នៅអតីតកាល ព្រះអង្គបានផ្សារភ្ជាប់ចំណង ដ៏រឹងមាំមួយសម្រាប់ប្រទេសទាំងពីរ រហូតដល់បច្ចុប្បន្ន ដែលចំណងនេះរឹងដូចដែកថែប គ្មានអ្វីបំបែកបាន។
ឯកឧត្តមក៏បានលើកឡើងថា សម័យបច្ចុប្បន្ននេះ ជាពិសេសអំឡុងពេលជំងឺកូវីដ១៩ ក្នុងនាមជាមិត្តល្អ គិតមកដល់ពេលនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ ៤២លានដូសដល់កម្ពុជា។ ចំណែកកម្ពុជា តាមរយៈព្រះមហាក្សត្រ និងសម្តេចម៉ែ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្ដល់ជំនួយយ៉ាងច្រើន ដល់ចិនផងដែរ។
មុនចប់កម្មវិធី ឯកឧត្តម វ៉ាង វិនធាន បាននាំភ្ញៀវកិត្តិយសទស្សនា បរិវេណស្ថានទូតចិន ជាពិសេសសួនមួយ ដែលមានឆ្លាក់អក្សរលើផ្ទាំងសិលាថា សួនមិត្តភាពកម្ពុជា-ចិន និងពន្យល់ពីហេតុផលនានា ដែលនាំឲ្យមានសួននេះកើតឡើង។
សូមជម្រាបថា ព្រះអង្គម្ចាស់ នរោត្តម សីហនុ បានប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ព្រះអង្គ គឺជាព្រះរាជបុត្រច្បងរបស់សម្តេចនរោត្តម សុរាម្រឹត និងព្រះមហាក្សត្រិយ ស៉ីសុវត្ថិ កុសមៈ។ ព្រះអង្គត្រូវបានបារាំង ដែលកាលនោះជាប្រទេសអាណានិគមលើកម្ពុជា ជ្រើសរើសឲ្យឡើងគ្រងរាជ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្ម ១៨ព្រះវស្សា ក្រោយពីព្រះបាទ មុនីវង្ស ចូលទិវង្គត។
ព្រះអង្គម្ចាស់ នរោត្តម សីហនុ បានចូលទវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៨៩ព្រះវស្សា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន៕