នាយករដ្ឋមន្ត្រីជប៉ុន ស្នើសុំសម្តេចតេជោ ហ៊ុន សែន បន្តគាំទ្រជប៉ុនក្នុងក្របខណ្ឌអាស៊ាន និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២


(ភ្នំពេញ)៖ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ឲ្យបន្តគាំទ្រជប៉ុនក្នុងក្របខណ្ឌរវាងអាស៊ាន និងជប៉ុន។

ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដើម្បីនាំយកនូវប្រយោជន៍ជូនប្រជាជននៃប្រទេសទាំង២។

ការលើកឡើងរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងតូក្យូប្រទេសជប៉ុន មុនពេលសម្តេចតេជោធ្វើនិវត្តន៍មកកាន់ប្រទេសកម្ពុជា។

ឯកឧត្តម  កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខ។ សម្ដេច ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងលើកឡើង នៅក្នុងសន្និបាតអង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្របខណ្ឌការរក្សាសន្តិភាព របស់ប្រជាជប៉ុននៅកម្ពុជា។

សម្ដេចក៏បានគូសបញ្ជាក់ ពីការចូលរួមរបស់ប្រទេសជប៉ុន ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាផង និងតួនាទីជប៉ុនក្នុងក្របខណ្ឌប្រតិបតិបត្តិការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ដែលរយៈពេល៣០ឆ្នាំកន្លងទៅនេះ។

សម្តេចក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានឹងបន្តចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ នាពេលខាងមុខបន្តទៀត។

នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន និងកិច្ចប្រជុំអាស៊ីបូព៌ា នៅខែវិច្ឆិកាខាងមុខនេះនៅកម្ពុជា។ ឯកឧត្តមក៏បានលើកពីការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន-កម្ពុជាផងដែរ ដែលផ្តោតជាពិសេសលើវិស័យសន្តិសុខ។

នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅទទួលនាវាជប៉ុន ក្នុងការចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ ឯកឧត្តមក៏បានលើអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រវត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើស៉ំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងការបង្ហាញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ដល់ប្រជាជននៃប្រទេសទាំង២។

ឯកឧត្តមបានបញ្ជាក់ទៀតថា ជប៉ុនពិតជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដោយសារឆ្នាំក្រោយជាខួបលើកទី៥០ នៃកិច្ចសហប្រតិការរវាងអាស៊ានជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្លាស់ប្ដូរមតិគ្នាជុំវិញស្ថានភាពនៅក្នុងតំបន់ និងអន្តរជាតិ ដូចជាបញ្ហានៅនៅឧបទ្វិបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា បញ្ហានៅសមុទ្រចិនខាងត្បូង និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តម ពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្វីត្បិតស្ថានភាពមីយ៉ាន់ម៉ាជាការបារម្ភ ប៉ុន្តែជប៉ុននៅតែបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ានទាំងឡាយ។

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតជនជាតិជប៉ុន ដែលជាការបារម្ភរបស់ប្រទេសជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូបបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា យើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន ហើយយើងនឹងបន្តក្នុងការជំរុញ ទោះបីជាការប្រឈមក៏ដោយ គឺយើងមិនបោះចោលការងារនោះទេ។ ចំពោះបញ្ហាផ្សេងៗទៀត ដែលលោកនាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើង យើងនឹងបន្តធ្វើកិច្ចការជាមួយគ្នាបន្តទៀត ហើយសម្តេចរង់ចាំទទួលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ៕