ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ


ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់អង្គភាពពាក់ព័ន្ធ មានរយៈពេល២ថ្ងៃ។

ពិធីបើកសិក្ខាសាលាត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងឯកឧត្តម ចៅ មុន្នីរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចៅក្រម ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ និងមន្ត្រីឧទ្យានុរក្សជាច្រើនរូប។

ឯកឧត្តម ចៅ មុន្នីរ៉ា បានលើកឡើងថា វគ្គបណ្តុះបណ្តាលច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការ បញ្ជ្រាបការយល់ដឹង ដល់ភាគីពាក់ព័ន្ធដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ លើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធម្មជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផៃ ប៊ុនឈឿន បានបញ្ចាក់ថា ក្រោមការផ្ដួចផ្ដើមគំនិតរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឲ្យមានសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យាននុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ។

ឯកឧត្តម ផៃ ប៊ុនឈឿន បានបន្តថា គោលបំណងក្នុងកិច្ចប្រជុំ គឺដើម្បីអនុវត្តគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធានធម្មជាតិ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងកូនចៅជំនាន់ក្រោយ។ ដោយមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ដែលពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមសហការ ការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។

បន្ថែមពីនេះ ឯកឧត្តម ចាយ សាមិត្ត បានឲ្យដឹងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តស្ទឹងត្រែង គឺជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ រួមទាំងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ពីច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕