រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា


(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីពិនិត្យ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តច្បាប់និងលិខិតបទដ្ឋាននានា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្តបទបញ្ជា និងវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះឱ្យបានកាន់តែល្អថែមទៀត។

ឯកឧត្តមក៏បានណែនាំដល់គណៈបញ្ជាការក្រុង ស្រុក បន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ពិសេសត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឱ្យមានការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕