(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខរបស់មនុស្សចាស់ ពិសេសចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតា អំ ពូ មីង មកពីតាមបណ្តាខណ្ឌ និងមន្ទីរ ក្នុងរាជធានីភ្នំពេញ ចំនួន ៥២៥នាក់ ព្រមទាំងនាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនលោកយាយ លោកតា នាឱកាសនោះផងដែរ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា ឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមប្រធានបទ «មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ» ក្នុងន័យផ្តល់នូវភាពកក់ក្តៅ និងបង្ហាញឲ្យកាន់តែច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ជាមួយមនុស្សវ័យចាស់ នៅរាជធានីភ្នំពេញ ព្រមទាំងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា និងថែរក្សាមនុស្សចាស់ ឲ្យដូចថែរក្សាខ្លួនឯង។
ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកស្រី មុំ ចាន់ដានី ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីអំពីវឌ្ឍនភាពន ការរៀបចំពង្រឹង និងពង្រីកសមាជិកសមាគម ព្រមទាំងការថែទាំទំនុកបំរុង ដល់មនុស្សវ័យចាស់ នៅរាជធានីភ្នំពេញ។ លោកស្រីបន្តថា យោងតាមទិន្នន័យរបស់មន្ទីរផែនការរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានមនុស្សវ័យចាស់ចាប់ពី អាយុ៦១ឆ្នាំឡើងទៅ សរុបចំនួន១៣៣,៣៦៣នាក់ នៃប្រជាជនរស់នៅរាជធានីភ្នំពេញ និងបានចងក្រង ពង្រឹង និងពង្រីកសមាជិក សមាគមមនុស្សវ័យចាស់ នៅតាមសង្កាត់ទាំង១០៥ តាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន២១,២២៤នាក់ (ស្រីចំនួន១៣១៣៨នាក់) ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុគណៈកម្មការមនុស្សចាស់ កម្ពុជាធានីភ្នំពេញ បានថ្លែងអបអរសាទរយ៉ាងខ្លាំងចំពោះលោកយាយ លោកតា អំ ពូ មីង ដែលជាឃ្លាំងនៃចំណេះដឹង និងសំបូរដោយបទពិសោធន៍ ដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលរបស់មនុស្សវ័យចាស់ ឲ្យសក្តិសមទៅនឹងគុណបំណាច់របស់លោកយាយ លោកតា អំ ពូ មីង នឹងផ្តល់តំលៃយ៉ាងធំធេង តាមរយៈការកំណត់យកថ្ងៃទី១ តុលា ជាថ្ងៃប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។
ឯកឧត្តម ឃួង ស្រេង ក៏បានបន្តថា មនុស្សចាស់នេះហើយ ជាអ្នកមានគុណចំពោះជាតិមាតុភូមិយ៉ាងធំធេង ដោយពួកគាត់ជាអ្នកដើរដង្ហែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការរំដោះប្រទេសចេញរបប ប៉ុល ពត និងបានចូលរួមជាមួយសម្តេច ក្នុងកសាងប្រទេសជាតិ ពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើន រហូតមកដល់សព្វថ្ងៃនេះ ។
ឯកឧត្តមអភិបាលរាជធានី បានណែនាំដល់លោកស្រីប្រធាមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនិតិសម្បទា ឲ្យ ពិនិត្យលើការជួបជុំមនុស្សចាស់ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ ដើម្បីឲ្យលោយាយលោកតា មានលទ្ធភាពធ្វើបុណ្យធ្វើទាន។
ចំពោះអំណោយសម្តេចតេជោ ដែលផ្តល់ជូនលោកយាយ លោកតា ទាំង៥២៥នាក់ នាពេលនេះ ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ឬទឹកស៊ីអ៊ីវ៦ដប ទឹកសុទ្ធ១កេស ប្រេងឆា២ដប មី១កេស និងថវិកា ៥ម៉ឺនរៀល៕