(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងក្រុមការងារ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមការងារថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ដែលបានដំណើរការថតក្នុងទឹកដីខេតត្បូងឃ្មុំ ស្ថិតនៅទីតាំង ចម្ការកៅស៊ូជុប ភូមិ០៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងសហអ្នកដឹកនាំរឿង អនុប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» បានឲ្យដឹងថា ក្រុមការងារ បានចាប់ផ្តើមថតពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិ-ឃុំ ដូចខាងលើ ។
លោក ហ៊ុយ វាសនា ឲ្យដឹងទៀតថា ក្នុងដំណើរការថតនេះដែរ ក្រុមការងារថតសរុបមនុស្សចំនួន៥០០នាក់ រួមជាមួយប្រជាជនចូលរួមជាងមួយពាន់នាក់ផងដែរ រហូតដល់ពេលនេះថតសម្រចបាន៤០ ទៅ ៥០ ភាគរយនៃសាច់រឿង ដែលមានឈុតឆាកជាងមួយពាន់ តែពេលនេះថតសម្រចបាន៣៣៦ឈុតរឿងរាល់ហើយ។
លោក ហ៊ុយ វាសនា បានបន្តថា វឌ្ឍនភាពនៃដំណើរការថតខ្សែភាពយន្តភាគ ចាប់ផ្តើតតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ពេលចាប់ផ្ដើមរហូតដល់ពេលនេះ មានការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពី ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហ៊ាង ទ្រីទីប្រឹក្សាផ្ទាល់របស់ក្រុមគណៈកម្មការ ផលិតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី»។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយបំផុត ចំពោះក្រុមការងារគណៈកម្មការផលិតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» ដែលនឹងត្រូវចំណាយពេលវេលាច្រើន ដើម្បីថតខ្សែភាពយន្តនេះនៅក្នុងភូមិសាស្ត្រខេត្តត្បងឃ្មុំ។ ទន្ទឹមនឹងនោះ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឧបត្ថម្ភជាថវិកាចំនួន ៣០លានរៀល ដល់ក្រុមការងារថតភាពយន្តផងដែរ ដើម្បីទុកប្រើប្រាស់នៅក្នុងដំណើរការនេះ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានសម្ដែងការកោតសរសើរ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងដំណើរការថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» និងបាននាំសិល្បករសិល្បការិនីមកផ្ដិតយករូបភាព លើទឹកដីក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលជាទីតាំងប្រវត្តិសាស្ត្រជាក់ស្ដែង សម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយបានឃើញផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បញ្ជាក់បន្ថែមថា «រដ្ឋបាលខេត្តគាំទ្រនិងជួយសំរបសំរួល ពេញទំហឹងរាល់កិច្ចការទាំងអស់ក្នុងការថតសាច់រឿងប្រវត្តិសាស្ត្រនេះ សម្រាប់ទុកអោយយុវជនជំនាន់ក្រោយដែលឥស្សរជនមានគុណបំណាច់យ៉ាងធំធេងខ្លាំងណាស់ចំពោះប្រទេសជាតិ ដោយបានលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការតស៊ូរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីទទួលបានសុខសន្តិភាពជូនប្រទេសជាតិទាំងមូល មិនមែនជារឿងចៃដន្យនោះទេ»៕