ឯកឧត្តមរដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការជួសជុលមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក ដែលគ្រោងនឹងដាក់ដំណើរការនៅក្នុងឆ្នាំនេះ


ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានចុះពិនិត្យការជួសជុលមនី្ទរពេទ្យហ្លួងម៉ែ ដែលមានទីតាំងឋិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅជាមនី្ទរពេទ្យព្យាបាលជំងឺមហារីក ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅអំឡុង ៤-៦ខែខាងមុខនេះ ។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ថ្ងៃនេះយើងបានចុះមកពិនិត្យការជួសជុល និងធ្វើបន្ទប់បន្ថែមទៀត សម្រាប់ធ្វើការងារ ជាពិសេសបន្ទប់ព្យាបាលជំងឺមហារីកដោយកំារស្មី។ ការជួសជុសអាចរួចជាស្ថាពរក្នុងរយៈពេល ៤ ទៅ៦ខែទៀត ហើយនឹងដាក់ឱ្យដំណើរជាបណ្ដើរៗតែម្ដង ទាំងឯកទេសជំងឺមហារីក ជំងឺរោគស្ដ្រី និងជំងឺផ្សេងៗទៀត»

ឯកឧត្តមសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា «ពេលនេះយើងបានត្រៀមលក្ខណៈរួចជាស្រេចហើយទាំងក្បាលម៉ាស៊ីនដឹកនាំ បុគ្គលិក និងបំពាក់សម្ភារៈបរិក្ខារពេទ្យ ជាពិសេសអ្នកបច្ចេកទេស ដោយយើងបានសហការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកាល់ម៉ែត ដែលមានទាំងបទពិសោធន៍ និងសម្ភារៈឧបករណ៍ស្រាប់គ្រប់មុខទាំងអស់។ ជាជំហានដំបូងយើងនឹងរៀបចំគ្រែសម្រាប់ព្យាបាលអ្នកជំងឺចំនូន ១០០គ្រែសិន និងជួសជុលសាងសង់ពង្រីកជាបន្ដបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង ឱ្យកាន់តែមានប្រសិទ្ធភាព»

ការចុះមកពិនិត្យពីដំណើរការសាងសង់ជួសជុលនេះ ក៏ជាផ្នែកមួយក្នុងការលើកទឹកចិត្ដដល់មន្ដ្រីបុគ្គលិក ដែលបានខិតខំប្រឹងប្រែងបំពេញភារៈកិច្ច ក្នុងការពន្លឿនដំណើរការជួសជុលសាងសង់មន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យខាងលើនេះ ពីមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ កន្លងទៅ។ ពេលនេះមន្ទីរពេទ្យមួយសម្រាប់ទទួលបន្ទុកព្យាបាលអ្នកកើតជំងឺកូវីដ១៩ ត្រូវរៀបចំទៅជាមន្ទីរពេទ្យឯកទេសជំងឺមហារីក បន្ទាប់ពីមិនមានអ្នកជំងឺកូវីដ១៩ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះទៀត៕