សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញសម្ពោធទីលានផ្នូរយុទ្ធជនពលី និងរៀបចំអបអរខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា


(ភ្នំពេញ)៖ ទីលានផ្នូរយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម នៅខេត្តកោះកុង បានសាងសង់រួចជាស្ថាពរ ហើយគ្រោងសម្ពោធ និងធ្វើបុណ្យឆ្លងតាមបែបសាសនា និងរៀបចំអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧នាក់។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានបញ្ជាក់ថា ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាព        សម្តេចពិជ័យសេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ការសាងសង់ទីលានផ្នូរយុទ្ធជនពលីនាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «តាមការគ្រោងទុក ​គឺយើងមានកម្មវិធីចំនួន២ គឺកម្មវិធីសាសនា និងកម្មវិធីរដ្ឋ។ កម្មវិធីសាសនា ថ្ងៃទី១៧ គឺជាថ្ងៃរំដោះខេត្តកោះកុង (១៧ មករា ១៩៧៩) អ៊ឹចឹង គឺយើងយកថ្ងៃរំដោះខេត្តកោះកុង ជាថ្ងៃសម្ពោធទីលានផ្នូរយុទ្ធជន និងរៀបចំពិធីអបអរសាទរខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា តែម្តង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា នៅក្នុងពិធីនេះដែលក៏មានការផ្ទេរ ប្រគល់ទីលានផ្នូរអតីតយុទ្ធជនពលីជីវិតសម័យសង្គ្រាមនេះ ជូនរដ្ឋបាលខេត្តកោះកុង ជាអ្នកគ្រប់គ្រងបន្ត។

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានគូសបញ្ជាក់ថា៖ «ពេលដែលគាត់លះបង់ជីវិត ពេលនោះ គឺអត់បានអីទេ ពេលនោះប្រទេសជាតិយើងនៅក្រខ្សត់ លំបាកណាស់ ពេលដែលគាត់ស្លាប់អត់មានធ្វើបុណ្យទានឱ្យសបស្របនោះទេ អ៊ឹចឹងដល់ពេលនេះស្រុកទេសយើងមានសន្តិភាព មានការរីកចម្រើន ពលរដ្ឋមានភាពរីករាយ សំបូរសប្បាយ ប៉ុន្តែ សពគាត់ មិនទាន់គិតគូរជូនគាត់ អ៊ឹចឹង បានសម្តេចឱ្យយើងគិតគូរធ្វើជូនសពដែលបានពលីជីវិត»

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដោយសារតែមានការលះបង់ជីវិតរបស់អតីតយុទ្ធជនពលីនេះហើយ ដែលជាចំណែកមួយធ្វើឱ្យខេត្តកោះកុង និងប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនផ្សេងៗទៀតជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានបង្ហាញសុទិដ្ឋិនិយមថា ទីលានផ្នូរយុទ្ធជនពលីជីវិតនេះនឹងក្លាយជាទីកន្លែងគោរពបូជាពិសំណាក់ប្រជាពលរដ្ឋមានជំនឿ និងក្លាយជាកន្លែង សម្រាប់ប្រជាពលរដ្ឋនៅជិតទីលានផ្នូរនេះ ហាត់ប្រាណជាដើម។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវដល់បងប្អូនដែលបានបាត់សាច់ញ្ញាតិអញ្ជើញទៅរក និងទៅធ្វើបុណ្យឧទ្ទិសកុសលជូនពួកគាត់ ខណៈសពដែលបានបញ្ចុះនៅក្នុងទីលាននោះ គឺបានបញ្ជាក់ឈ្មោះ និងភូមិឃុំ ដែលពួកគាត់បានរស់នៅផងដែរ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ គឺបានសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធទាំងកូនកាត់បែបបុរាណ និងសម័យ បន្ថែមពីនេះក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩មកម្ល៉េះ។

សូមជម្រាបថា ទីលានផ្នូរយុទ្ធជនពលី ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕