ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកបង្ហាញសមិទ្ធផលផ្លូវ និងស្ពាន ដើម្បីឆ្លើយតបនឹងអ្នកថា កម្ពុជាមិនរីកចម្រើនក្រោយថ្ងៃរំដោះ៧មករា


(ភ្នំពេញ)៖ រយៈពេលប្រមាណ ៤៤ឆ្នាំក្រោយកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជា សម្រេចបាននូវកិច្ច អភិវឌ្ឍន៍ជាតិគួរឱ្យសម្គាល់។ ប៉ុន្តែសម្រាប់ក្រុមប្រឆាំងនឹង រាជរដ្ឋាភិបាល នៅតែទន្ទេញរត់មាត់ថា កម្ពុជាមិនមានការរីកចម្រើនអ្វីនោះឡើយ។

ក្នុងពិធីបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានចូលខ្លួនលើកបង្ហាញសមិទ្ធផលសំខាន់ៗមួយចំនួន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ដើម្បីជាសក្ខីភាពបញ្ជាក់ពីការវិវឌ្ឍ និងរីកចម្រើនក្នុងវិស័យនេះ និងដើម្បីឱ្យប្រជាពលរដ្ឋមានមូលដ្ឋានពិចារណា កុំឱ្យចាញ់បោកការបំភ្លៃរបស់ក្រុមប្រឆាំង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចថា នៅក្រោយឆ្នាំ១៩៧៩ កម្ពុជា មានស្ពានឆ្លង ទន្លេតែមួយប៉ុណ្ណោះ គឺស្ពាំនជ្រោយចង្វារ ហើយរងការខូចខាតទៅទៀត។ ប៉ុន្តែពេល បច្ចុប្បន្នកម្ពុជា មានស្ពានឆ្លងកាត់ទន្លេរហូតដល់ទៅជិត ២០ស្ពាន ហើយផ្លូវជាច្រើន ត្រូវបានសាងសង់ឡើងយ៉ាងប្រទាក់ក្រឡាគ្នាពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សរុបរាប់ពាន់គីឡូម៉ែត្រ។

បន្ថែមពីលើនោះផ្លូវមួយចំនួនទៀត ដូចជាផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៥ជាដើម ក៏ត្រូវបានពង្រីកពីពីរគន្លង ទៅជា៤គន្លង។ ជាមួយគ្នានេះ ក្រោយរំដោះឆ្នាំ១៩៧៩ កម្ពុជា មិនមានផ្លូវល្បឿនលឿននោះឡើយ តែបច្ចុប្បន្នកម្ពុជា មានផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជា មានកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញមួយតូច ប្រើប្រាស់មិនកើតទៀត។ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានផែកម្រិតអន្តរជាតិនៅខេត្តព្រះសីហនុ និងផែនៅកៀនស្វាយ ខេត្តកណ្តាលជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញដែរថា ក្រោយឆ្នាំ១៩៧៩ កម្ពុជា មានតែព្រលានមួយនៅរាជធានីភ្នំពេញ ដែលបម្រើឱ្យការចុះចតយន្តហោះ ស្ទើរតែមិនកើត ប៉ុន្តែបច្ចុប្បន្នព្រលានយន្តហោះភ្នំពេញ ត្រូវបានកម្ពស់សមត្ថភាព ហើយកម្ពុជាមានព្រលាននៅខេត្តសៀមរាប នៅព្រះសីហនុ និងនៅខេត្តកោះកុងផងដែរ។

សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រីនេះគ្រាន់តែជាសមិទ្ធផលមួយផ្នែកប៉ុណ្ណោះ នៅក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន។ នៅមានសមិទ្ធផលជាច្រើនទៀត ដែលលោកមិនទាន់ លើកឡើងនៅឡើយ៕