ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវប្រជាពលរដ្ឋកុំបន្តបាញ់បោកក្រុមប្រឆាំងនៅក្រៅប្រទេស និងអំពាវនាវទៅបោះឆ្នោតឲ្យបានគ្រប់គ្នាគាំទ្រសម្ដេចតេជោ បន្តដឹកនាំប្រទេស


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងមហាកុដិ និងបណ្ណាល័យ វត្តមុន្នី ហេមវ័នតាវង ស្ថិតនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងថ្លែងរម្លឹកពីដំណើរការស្តារកម្ពុជាពីគំនរផេះផង់មករីកចម្រើនលើគ្រប់វិស័យ ក្នុងនោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ បានរស់រានមានជិវិតឡើងវិញ ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ និងបានបន្តខិតខំតស៊ូគ្រប់ដំណាក់កាលយកជិវិតធ្វើដើមទុនរហូតទទួលបានសន្តិភាព ពេញលេញក្រោមនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទទួលបានសន្តិភាពប្រជាពលរដ្ឋយើងមានឱកាសជួបជុំសប្បាយធ្វើបុណ្យទាន និងចូលរួមសកម្មភាពជួយការងារសង្គមនានាមានជាអាទិ៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។ល។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចតេជោសង្រ្គោះជិវិតប្រជាពលរដ្ឋពីក្រញាំមច្ចុរាជកូវីដ-១៩ តាមរយ:ការចាក់ស្រោចវ៉ាក់សាំងគ្រប់គ្រងបាននូវលំនឹងសេដ្ឋកិច្ចបើកដំណើរការ ឡើងវិញលើគ្រប់វិស័យ ពិសេសបុណ្យចូលឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នាពេលខាងមុខនេះ ប្រជាពលរដ្ឋគ្រប់ទិសទីនឹងបានទទួលសង្ក្រាន្តឆ្នាំថ្មី អ្នកបន្ទាយមានជ័យកុំភ្លេចទៅចូលរួមព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយឆ្មារ ឱ្យបានគ្រប់គ្នា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំបន្តបាញ់បោកក្រុមប្រឆាំងនៅក្រៅប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ អាជ្ញាធរដែនដីសូមជួយសម្រួលតាមនីតិវិធីដល់គណបក្សនយោបាយផ្សេងៗ ទៀតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស និងបន្តគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។

ជាមួយនឹងទឹកចិត្តសប្បុររស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកបច្ច័យវេរប្រគេននិងអំណោយឧបត្ថម្ភដល់៖

*ទី១៖ មនុស្សវ័យចាស់១០១នាក់ ម្នាក់ៗទទួលបាន៖ កំសៀវដាំទឹកអគ្គិសនី ពិល មីត្រីខ ទឹកស៊ីវអ៊ីវ ទឹកត្រី ទឹកដោះគោ តែស្កសរ កៅអៀក អំបិលអ៊ីយ៉ូត ប្រេងខ្យល់ ប្រេងឆា សារុង ក្រម៉ា និងថវិកា២ម៉ឺនរៀល
*ទី២៖ ប្រជាពលរដ្ឋចូលរួម ម្នាក់ៗទទួលបានសារុង១
*ទី៣៖ ក្រុមយុវជន សសយក កាយរិទ្ធ កាកបាទក្រហម៣០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល
*ទី៤៖ កម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងសឹករងប្រជាការពារ ក្រុមគ្រូពេទ្យប្រចាំការ ក្នុងមួយក្រុមៗ ៥០ម៉ឺនរៀល
*ទី៥៖ ឧបត្ថម្ភសិស្សានុសិស្ស៩០នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម និងថវិកា១ម៉ឺនរៀល
*ទី៦៖ ឧបត្ថម្ភលោកគ្រូអ្នកគ្រូ ៦៧នាក់ ម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល
*ទី៧៖ តាជីយាយជី ថវិកា១លានរៀល
*ទី៨៖ ប្រគេនស៊ីម៉ង់ ២០តោនសម្រាប់ស្ថាបនាផ្លូវចូលវត្តមុនីហេមវ័នតាវង១ខ្សែ មានប្រវែង៤៨០ម៉ែត្រ
*ទី៩៖ ប្រគេនបច្ច័យកសាងវត្តមុនីហេមវ័នតាវង ថវិកា២០លានរៀល និងប្រាក់ដុល្លារ ១២៣០០។

ដោយឡែកផ្លូវក្រាលគ្រួសក្រហម និងផ្លូវក្រាលកៅស៊ូចំនួន៥ខ្សែ មានប្រវែងសរុប ៩៥.៨km ដែលជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តែមិនទាន់បានដំណើរការ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជួយជួសជុលប្រើប្រាស់ជាការចាំបាច់សិន។

គម្រោងផ្លូវទាំងនោះមានដូចខាងក្រោម៖

*ទី១៖ ផ្លូវកូនខ្លែងប្រវែង 14.8km ចាប់ពីចំណុចភូមិកុងសៀម ឃុំណាំតៅ ដល់ភូមិកូនក្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក
*ទី២៖ ផ្លូវតាផូ ប្រវែង ៣០km ភ្ជាប់ពីផ្លូវលេខ៥៦ ត្រង់ឃុំរលួស ស្រុកស្វាយចេក ដល់ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក
*ទី៣៖ ផ្លូវបុស្បូវ ប្រវែង១៧ km ពីផ្លូវជាតិលេខ ៦ ពីចំណុចឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដល់ភាស ឃុំសារង្គ ស្រុកស្វាយចេក
*ទី៤៖ ផ្លូវភាសវត្តខ្ចាស់ប្រវែង ៧km ចាប់ពីចំណុចភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ដល់វត្តខ្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
*ទី៥៖ ផ្លូវទានកាំ (ផ្លូវក្រាលកៅស៊ូ ២ជាន់) ប្រវែង ២៧km ចាប់ពីផ្លូវជាតិលេខ៦ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដល់អាងពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក៕