(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក (World Bank) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានបើកកិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា ដើម្បីប្រមូលធាតុចូល រៀបចំគោលនយោបាយ សង្គមសេដ្ឋកិច្ចថ្មី ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
កិច្ចសន្ទនានេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចំាការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីដៃអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។ ពិធីនេះបានរៀបចំធ្វើឡើង នៅសណ្ឋាគារ GARDEN CITY រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្ដ ឲ្យអ្នកចូលរួមទាំងអស់ មេត្ដាផ្លាស់ប្ដូរមតិយោបល់ និងចូលរួមឲ្យបានសកម្ម នៅក្នុងកិច្ចសន្ទនានេះ ដោយលោកថា ក្រសួងកំពុងត្រៀមរៀបចំ រប្រៀបវារៈសង្គមសេដ្ឋកិច្ចថ្មី សម្រាប់រាជរដ្ឋាភិបាល ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលបានជំរុញឲ្យមានការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីសុំជាមតិយោបល់ ក៏ដូចជាដើម្បីឲ្យធានាបានបរិយាប័ន្ន និងភាពជាម្ចាស់ក្នុងសកម្មភាព ដែលអនុវត្ដរួមគ្នា ក្នុងស្មារតីដែលរាជរដ្ឋាភិបាល តែងតែអនុវត្ដដើម្បីធានា ឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមបន្ដទៀតថា «យើងអាចមានវិធានការជាច្រើន ហើយយើងត្រូវផ្ដោតលើការយកចិត្ដទុកដាក់ ទៅលើវិស័យសំខាន់ៗ ដើម្បីឲ្យកម្ពុជាត្រៀមខ្លួន ឲ្យកាន់តែប្រសើរនៅក្នុងស្ថានភាព ដែលពោរពេញដោយការប្រកួតប្រជែង។ ឥឡូវនេះ មានភាពមិនប្រាកដប្រជាជាច្រើន ដែលមិនដឹងថា ត្រូវទៅណានោះទេ ប៉ុន្ដែត្រូវកសាងភាពធន់ ដើម្បីធានាលទ្ធផលល្អប្រសើរសម្រាប់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងច្បាមយកឱកាស ដើម្បីទាញចេញពីការផ្លាស់ប្ដូរនេះ»។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា លទ្ធផលនៃកិច្ចសន្ទនានេះនឹងផ្ដល់ធាតុចូល ដល់ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីរៀបចំគោលនយោបាយតាមវិស័យ និងយុទ្ធសាស្ដ្រជារួម របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៥ឆ្នាំ ខាងមុខ។
ឯកឧត្តម វង្សី វិស្សុត បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ គឺជាឆ្នាំពិបាក ដោយមិនពិបាកតែកម្ពុជានោះទេ ប៉ុន្ដែក៏សម្រាប់ពិភពលោកទាំងមូល។
ឯកឧត្តមបន្តថា ការរាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យកំណើនសេដ្ឋកិច្ច មានភាពយឺតយ៉ាវ និងកាត់បន្ថយសមត្ថភាពរបស់កម្ពុជា ដើម្បីក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខណៈដែលកម្ពុជាត្រឡប់មករកកំណើនខ្ពស់ សេដ្ឋកិច្ចនៅតែបន្ដជួបប្រទះ នូវបញ្ហាប្រឈមជាច្រើន ដែលអាចប៉ះពាល់ដល់កំណើនរយៈពេលវែង។
បន្ថែមពីនោះទៀត ឯកឧត្តមបានលើកឡើងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការចូលរួមពីវិស័យឯកជន នៅមានកម្រិតនៅឡើយ ខណៈធនធានមនុស្ស ដើម្បីបំពេញតម្រូវការជំនាញ សម្រាប់សេដ្ឋកិច្ចជីឌីថល គឺជាអ្វីដែលត្រូវជាចាំបាច់ ដើម្បីពន្លឿនការអភិវឌ្ឍន៍។ ការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងសេវាដឹកជញ្ជូន ក៏ធ្វើឲ្យសមត្ថភាពរបស់រាជរដ្ឋាភិបាលមានកម្រិត ហើយកម្ពុជា ក៏ងាយទទួលរងនៅគ្រោះមហន្ដរាយ ដោយសារការប្រែប្រួល អាកាសធាតុផងដែរ។
ឯកឧត្តមបានលើកឡើងថា កម្ពុជាកំពុងស្ថិតនៅក្នុងបរិយាកាសថ្នាក់តំបន់ ហើយអ្នកធ្វើគោលនយោបាយ ចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ដ្រថ្មី ដើម្បីពន្លឿនកំណើន ហើយនៅក្នុងពេលជាមួយគ្នា ក៏ត្រូវស្វែងរកវិធីសាស្ដ្រ សម្រាលផលប៉ះពាល់ រយៈពេល៣ឆ្នាំចុងក្រោយ ក៏ដូចជាបញ្ហាប្រឈម ដែលកំពុងបន្ដកើតមាន ដោយសារភាពតាន់តឹងភូមិសាស្ដ្រនយោបាយ នៅក្នុងសាកលលោក ធ្វើយ៉ាងណាឲ្យកម្ពុជាមានភាពបៃតង៕