ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងការពារជាតិ និងសន្តិសុខក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងក្នុងនាមប្រធានក្រុមការងារ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងដោយមោទនភាព និងកោតសរសើរចំពោះសកម្មភាពដ៏ស្មោះត្រង់ អង់អាចក្លាហានរ ទទួលខុសត្រូវបស់កងម្លាំងគ្រប់ប្រភេទ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីបានយ៉ាងរឹងមាំ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ គ្រប់គ្រងបានជោគជ័យ នូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បើកឲ្យដំណើរការប្រទេសឡើងវិញ សា្តរកំណើនសេដ្ឋកិច្ចបានឆាប់រហ័ស ពិសេសបានលើកកិត្យានុភាពជាតិលើឆាកអន្តរជាតិគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកទី៣ កិច្ចប្រជុំកំពូលអន្តរសភាអាស៊ាន (អាយប៉ា AIPA) លើកទី៤៣ នៅកម្ពុជា និងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជារងចាំ អស់រយៈពេល៦៤ឆ្នាំ ឲ្យប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃ និងផ្តល់សិទ្ធិផ្សាយបន្ត ដល់គ្រប់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិដោយមិនគិតប្រាក់។
ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានណែនាំដល់កងកម្លាំងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យ បូរណភាពដែនដី ទំនាក់ទំនងល្អជាមួយប្រទេសជិត ទប់ស្កាត់ប្រឆាំងដាច់ខាតរាល់អំពើដែលនាំទៅដល់ការបង្កអស្ថិរភាពនយោបាយ ជម្លោះជាតិសាសន៍ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល អភិវឌ្ឍអង្គភាព ត្រៀមជួយប្រជាពលរដ្ឋជួបគ្រោះធម្មជាតិនានា និងចូលរួមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញ។
ក្នុងឱកាសដ៏រីករាយស្និទ្ធស្នាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកនូវអំណោយ ចែកជូនដល់អង្គភាពកងកម្លាំង ដែលចូលរួមទាំងអស់នូវគ្រឿងឧបភោគ បរិភោគ ថវិកា ដែលសរុបជាថវិកាមានចំនួនថវិកា២០១លាន៤៥៣ពាន់រៀល៕