សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសាច់កម្ម ដែលត្រូវទេវតាកំណត់ឱ្យធ្វើនាយករដ្ឋមន្ត្រី ខណៈដែលកន្លងមក សម្តេចមិនដែលធ្លាប់ស្រម៉ៃឡើយថាខ្លួននឹងត្រូវធ្វើជានាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គ បណ្តុះ បណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចតេជោមានប្រសាសន៍បន្តថា ការណ៍ដែលសម្តេចឡើងធ្វើជានាយករដ្ឋមន្រ្តីរហូតដល់៤ទស្សវត្សនេះ គឺអ្វីដែលព្រហ្មលិខិតបានកំណត់ ដោយសម្តេចបានលើកឡើងថា ការលេងកីឡាអាចប្រកួតប្រជែងបាន តែមិនអាចប្រលងប្រជែងនឹងព្រហ្មលិខិត ឬព្រេងវាសនាបាននោះឡើយ ខណៈដែលអ្នកខ្លះ ដេកយល់សប្តធ្វើរដ្ឋមន្រ្តី ប៉ុន្តែគ្មានវាសនាបានធ្វើឡើយ បែរជាតម្រូវឱ្យកូនកសិករដូចសម្តេចឡើងធ្វើជានាយករដ្ឋមន្រ្តីទៅវិញ។
សម្តេចបានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថា ការប្រកួតកីឡា ប្រកួតបាល់ទាត់ បាល់ទះ ឬប្រកួតវាយកូនហ្គោល ឬស្អីៗបាន តែប្រកួតជាមួយព្រហ្មលិខិត គឺប្រកួតមិនបានទេ ខ្ញុំមិនដែលប៉ុនប៉ងណាមួយធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត ធ្វើរដ្ឋមន្រ្តី ធ្វើនាយករដ្ឋមន្រ្តី ខ្ញុំមិនដែលប៉ុនប៉ងទេ ការប៉ុនប៉ងរបស់ខ្ញុំកាលពីដើមត្រឹមធ្វើគ្រូបង្រៀនប៉ុណ្ណោះ ប៉ុន្តែអត់នឹកស្មានថាស្រាប់តែមកធ្វើនាយករដ្ឋមន្រ្តីជិត៤ទស្សវត្ស។ អាហ្នឹងគឺជាព្រហ្មលិខិតក៏អាចថាបាន ប៉ុន្តែបើយើងមិនប្រឹងទេវាក៏អត់បានដែរ និយាយឱ្យពិតទៅ»។
សម្តេចបានលើកឡើងបន្តថា ពីមុនមក ៨០%នៃការដេកយល់សប្តរបស់សម្តេច គឺមិនមែនជានាយករដ្ឋមន្រ្តីអ្វីនោះទេ គឺត្រឹមតែជាកសិករ ឬជាទាហាននៅក្នុងស្ថានភាពភ័យខ្លាចប៉ុណ្ណោះ។
សម្តេចមានប្រសាសន៍ទៀតថា៖ «រងចាំមើលសិនថាតើពេលណាដែលនាយករដ្ឋមន្រ្តីរូបនេះ ចាកចេញពីមុខដំណែង ដើម្បីផ្ទេរទៅឱ្យអ្នកក្រោយ តែឥលូវនេះទៅមិនទាន់រួចទេ។ ឥលូវនេះចង់ឆ្អឹងដែក ស្បែកស្ពាន់ហើយ ថ្ងៃណាក៏ជាថ្ងៃការងារដែរ តែបើអត់ការងារធ្វ្វើគឺជារឿងអផ្សុក អាហ្នឹងវាអញ្ចេក សាច់កម្មយ៉ាងម៉េចបានទេវតាគូសក្រយ៉ៅឱ្យមកនៅកន្លែងហ្នឹង»។
សូមជម្រាបដែរថា ក្នុងជីវិតនយោបាយ សម្តេចតេជោបានបំបែកឯកទគ្គកម្មចំនួន៣ ក្នុងនោះរួមមាន៖ រដ្ឋមន្ត្រីការបរទេសក្មេងជាងគេ នាយករដ្ឋមន្ត្រីក្មេងជាងគេ និងនាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក៕