នៅថ្ងៃទី៣ មិថុនា ស្អែកនេះ ព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នឹងធ្វើពិធីបើកការប្រកួតជាផ្លូវកា ក្រោមអធិបតីភាពសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពេលនេះ ប្រតិភូអាស៊ានប៉ារ៉ាហ្គេម ក៏បានមកដល់កម្ពុជាអស់ដែរ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣ ដល់ ៩ មិថុនា ដែលមានអត្តពលិក មកពី ១១ ប្រទេស ចំនួន ១.៤៥៣ នាក់។
ក្នុងចំណោមអត្តពលិកទាំងនេះ កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូណេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង ១៣ នាក់ មកពីទីម័រខាងកើត។
ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨ នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០ នាក់។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថាៈ អត្តពលិក នឹងចូលរួមប្រកួតក្នុង ១៤ ប្រភេទកីឡា។ លោកបានបន្តថាៈ កម្ពុជា រំពឹងថានឹងដណ្តើមបានមេដាយ ចំនួន ៥៦ គ្រឿង ពីព្រឹត្តិការណ៍នេះ ពោលគឺ កើនឡើងពីចំនួន ២៨ មេដាយដែលពួកគេទទួលបាន ក្នុងព្រឹត្តិការណ៍ Asean Para Games លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២។
ប្រទេសម្ចាស់ផ្ទះ ក៏ត្រូវបានគេរំពឹងថា នឹងជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមប្រទេស ទាំង១១ ដែលចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ៕/V/R