(ត្បូងឃ្មុំ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ធំនៅ កម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំបំផុតស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏ដូចជាតំបន់ដទៃទៀតផងដែរឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មាររបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិក សមាជិកាបក្សធ្វើសកម្មភាពជាច្រើន ដើម្បីស្វែងរក ការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ផារ៉ា មង្គល បាន អញ្ជើញទៅកាន់ភូមិមួយចំនួនក្នុងឃុំរការខ្នុរ និងឃុំជំនីក ដើម្បីសួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងក្រុមឃោសនិកគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល បានយកចិត្តទុកដាក់លើការបង្រៀន ប្រជាពលរដ្ឋ ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ លោក ក៏បានពន្យល់ប្រជាពលរដ្ឋ ពីតម្លៃនៃការបោះឆ្នោតផងដែរ។
ឯកឧត្តម ផារ៉ា មង្គល បានជម្រាបប្រជាពលរដ្ឋថា ការបោះឆ្នោតជាឱកាសដ៏ពិសេសមួយ សម្រាប់ប្រជាពលរដ្ឋ ជ្រើសរើសយកមេដឹកនាំ ដែលខ្លួនមើល ឃើញមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ មានឧត្តមគតិ មានឆន្ទៈមនសិការ ក្នុង ការបម្រើជាតិ បម្រើប្រជាជន កសាងសង្គមជាតិ និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តម ក៏បានលើកបង្ហាញពីស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យសង្គមកម្ពុជារក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ជាពិសេសការលើកកម្ពស់កិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍នានា ដូចជាការយកឈ្នះលើជំងឺកូវីដ១៩ ការធ្វើជា ប្រធានអាស៊ាន និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
ក្រោមសូចនាករទាំងអស់នេះ លោក ផារ៉ា មង្គល បានលើកទឹកចិត្តឱ្យប្រជា ពល រដ្ឋស្រុកក្រូចឆ្មារទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ហើយបោះឆ្នោតជូនបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ រូបសញ្ញាទេវតាបាចផ្កា ដើម្បីធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខជាបន្តទៀត។ ក្នុងឱកាសជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនេះ ឯកឧត្តម ផារ៉ា មង្គល ក៏បាន ជួយ ភ្ជាប់ តេឡេក្រាមរបស់សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋផងដែរ។
លោកប្រធានគណៈពង្រឹងការងារ ក៏ឆ្លៀតចុះពិនិត្យដើមឈើចំនួន ២,៤០៧ ដើម នៅលើបឹងជីសែន ឃុំជំនីក ស្រុកក្រូចឆ្មារ ដែលបានដាំក្នុងឱកាស ប្រារព្ធពិធី «រុក្ខ ទិវា» កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំក្បួន ហែរ បក្សស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារនៅថ្ងៃអាទិត្យ ទី១៦ និងថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ផងដែរ៕

















