ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការបោះឆ្នោត ជាមធ្យោបាយដែលល្អបំផុត សម្រាប់ការជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម, សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨


(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោត គឺជាមធ្យោបាយដែលល្អបំផុត សម្រាប់ការជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម។

ឯកឧត្តមបានអំពាវនាវដល់ពុកម៉ែ បងប្អូនទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី ២៣ កក្កដាខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីប្រទេសជាតិបន្តមានសុខសន្តិភាព អភិវឌ្ឍន៍ រីកមច្រើន រុងរឿងថែមទៀត។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា «ការប្តូររាជរដ្ឋាភិបាល ដឹកនាំប្រទេសមានវិធីសាស្ត្រ៣ គឺទី១ តាមរយៈការបោះឆ្នោត ទី២ ការធ្វើរដ្ឋប្រហារ តាមរយៈកម្លាំងប្រដាប់អាវុធ និងទី៣ តាមរយៈការបំផុសបដិវត្តប្រឆាំង។ ប្តូរតាមរយៈការបោះឆ្នោត ប្តូរតាមរយៈការដឹកនាំប្រជាពលរដ្ឋធ្វើការបដិវត្ត នៅប្រទេសជាច្រើនកើតមាន ហើយប្តូរតាមរយៈការធ្វើរដ្ឋប្រហារ នៅស្រុកយើងធ្លាប់ហើយឆ្នាំ៧០។ សម្រាប់គណបក្សប្រជាជនកម្ពុជារបស់យើង ត្រូវតែរក្សាលទ្ធិប្រជាធិបតេយ្យ ផ្លាស់ប្តូររាជរដ្ឋាភិបាល ត្រូវធ្វើតាមរដ្ឋធម្មនុញ្ញ តាមការបោះឆ្នោត កុំឱ្យមានបាតុភាពកើតឡើង តាមរយៈការធ្វើសង្គ្រាម ដើម្បីប្លន់អំណាច ការធ្វើរដ្ឋប្រហារ ឬមួយការបំផុសប្រជាពលរដ្ឋ ឱ្យមកទម្លាក់រាជរដ្ឋាភិបាល តាមរយៈបដិវត្តពណ៌ ឬបដិវត្តប្រជាជន ដាច់ខាតយើងត្រូវធានាឱ្យបាននូវសុខសន្តិភាព ព្រោះការផ្លាស់ប្តូរតាមរយៈការធ្វើបដិវត្តពណ៌ និងកម្លាំងប្រដាប់អាវុធ មិនដែលធានាបាននូវសន្តិភាពទេ»