នៅថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជេីញដឹកនាំការហែក្បួនលេីកទី៣ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អញ្ជេីញចូលរួមក្នុងឱកាសនោះដែរមានឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ថេង ច័ន្ទសង្វារ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ ឯកឧត្តមជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ លោកជំទាវ ដាំដារីនី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកត្នូងឃ្មុំ ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តាឃុំទាំង១៤ ព្រមទាំងគណបក្សមូលដ្ឋាន សាខាបក្ស និងសកម្មជនគណបក្សប្រមាណជិត ១០ ០០០នាក់ រថយន្តប្រមាណជាង ៤០០ គ្រឿង ម៉ូតូជាង ២ ០០០ គ្រឿង។
ក្បួនដង្ហែមានចាក់បទចម្រៀងពិរោះៗ សារនយោបាយរបស់គណបក្ស និងការស្រែកជ័យឃោសកងរំពង គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅតាមដងផ្លូវ គេក៏សង្កេតឃេីញមានប្រជាពលរដ្ឋក្នុងទឹកមុខសប្បាយរីករាយ ឈរទទួលស្វាគមន៍ គ្រវីទង់ជាតិនិងទង់គណបក្ស ស្រែកហ៊ោកញ្ជ្រៀវអបអរសាទរក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយមនោសញ្ចេតនារាក់ទាក់និងសោមនស្សក្រៃលែង។























