អភិបាលខេត្តកណ្ដាល បើកការដ្ឋានជួសជុលផ្លូវបេតុងប្រវែងជិត ៣គីឡូម៉ែត្រ និងដាក់លូ២ខ្សែ ស្ថិតនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ


(កណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេមានប្រវែង ២,៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងដាក់លូ ២ខ្សែ ស្ថិតនៅក្នុងភូមិលេខ១ក និងភូមិលេខ១ខ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្តាល បានថ្លែងថា ពិធីបើកការដ្ឋាននេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ដើម្បីឱ្យមានសោភ័ណភាព បរិស្ថានល្អ ប្រកបដោយសមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានកំណត់ជាអាទិភាពគឺ «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានណែនាំដល់អភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកណ្តាល ត្រូវបន្តយកចិត្តទុកដាក់ចុះមើលផ្លូវ ឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុល កែលម្អរឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានសំដែងការសាទរ និងត្រេកអរជាខ្លាំង ចំពោះការយកចិត្តទុកដាក់របស់លោកអភិបាលខេត្តកណ្ដាលដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ៕