ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានខ្លាំង ត្រូវចេះចែករំលែកព័ត៌មានឲ្យបានលឿន និងចេះសាមគ្គីគ្នា


(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានខ្លាំងបច្ចុប្បន្ន ត្រូវចេះចែករំលែកព័ត៌មានឲ្យបានលឿន ផ្សាយឲ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងចេះសាមគ្គីគ្នា ទើបទទួលបានល្អ ប្លែក ដើម្បីដើរទាន់សម័យកាល។

នៅក្នុងពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ធ្វើជាអ្នកសារព័ត៌មាន ត្រូវយល់ដឹងពីច្បាប់របបសារព័ត៌មាន ពីព្រោះបើអ្នកសារព័ត៌មានយល់ច្បាស់ គោរពទៅតាមច្បាប់នេះ នឹងទទួលបានការការពារស្របតាមច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាននាពេលបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិត ផ្សព្វផ្សាយឲ្យបានលឿន ផ្សព្វផ្សាយឲ្យគ្រប់ប្រព័ន្ធបណ្ដាញសង្គម ទើបអាចក្លាយជាអ្នកសារព័ត៌មានមួយដែលខ្លាំង។ ដូចនេះសម្រាប់មន្ត្រី នៃក្រសួងព័ត៌មានទាំង៥អគ្គនាយកដ្ឋាន ចំណុះឲ្យក្រសួងព័ត៌មាន ត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងនៅព័ត៌មានមិនពិត ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានទេ វាទាមទារយើងត្រូវតែសហការគ្នា។ ខ្ញុំតែងនិយាយថា ព័ត៌មានគឺជាការផ្លាស់ប្ដូរដំណឹង ការបន្តគ្នាទៅវិញទៅមក ទើបយើងមានឥទ្ធិពល ខ្លាំង។ នៅថ្ងៃនេះដែរម្នាក់ៗអាចធ្វើជាអ្នកផ្សព្វផ្សាយមួយ មានដូចជា facebook instagram tiktok អ៊ីចឹងបានគឺទាមទារនូវការប្រើប្រាស់ព័ត៌មានរបស់យើងមិនមែន តែទូរទស្សន៍ផ្សាយទទួលទូរទស្សន៍ចប់ទេ យើងត្រូវផ្សាយតាម វេបសាយ តានបណ្ដាញផ្សេងៗ»

សូមបញ្ជាក់ថា សម្រាប់ពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខ័ណ្ឌថ្មីឆ្នាំ២០២៣ ចំនួន៧០នាក់នេះ ក្នុងគោលបំណងដើម្បីស្វែងយល់ពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្ដីពីរបបសារព័ត៌មាន៕