អង្ករប្រមាណជាង២០តោន ជាអំណោយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ នាំយកប្រគល់ជូនជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១,០៥៦គ្រួសារ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីរួមចំណែកដោះស្រាយជីវភាពពលរដ្ឋកំពុងជួបការលំបាក។
នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា និងលោក ខូយ រីដា បានថ្លែងថា ជានិច្ចជាកាលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី តែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែងថ្មីៗនេះ សម្តេចក៏បានណែនាំដល់អភិបាលខេត្តពាក់ព័ន្ធ និងក្រុមការងារ ត្រូវតាមដាន និងក្តាប់ឲ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា និងឯកឧត្តម ខូយ រីដា បានអះអាងថា បើទោះបីជាពេលនេះ លោកប្រធានក្រុមការងារចុះជួយខេត្ត កំពុងជាប់បំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ ក៏លោកតែងតែគិតគូរជានិច្ចដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចនៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលជួបការលំបាក និងប្រឈមធ្ងន់ធ្ងរ ក្នុងស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ចំនួន១,០៥៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជន ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ និងបានអន្តរាគមន៍ជួយសម្រួលរកទីទួលសុវត្ថិភាព ឧបត្ថម្ភស្បៀង មានគ្រូពេទ្យប្រចាំការជួយព្យាបាលជូនពួកគាត់។ ថ្នាក់ដឹកនាំទាំង២ បានលើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាម ដើម្បីបន្តការរកស៊ីចិញ្ចឹមជីវិត ស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វឡើងវិញ បន្ទាប់ពីទឹកស្រកចុះ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ក៏បានជម្រាបជូនថា នៅពេលគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថាបនាបានរួចរាល់ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ នោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឲ្យមានហានិភ័យដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ដូចរាល់ឆ្នាំ នឹងកាត់បន្ថយបានច្រើនផងដែរ។
បើទោះបីស្ថានភាពជំនន់ទឹកភ្លៀង មានការឡើងលឿន និងស្រកចុះលឿនវិញក៏ពិតមែន ឯកឧត្តមសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រូវចូលរួមថែរក្សាសុខភាព ដោយអនុវត្តន៍នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាប់ជាប្រចាំ៕