(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូបិទបញ្ចប់បេសកកម្មការងារនៅប្រទេសចិនហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ។
បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅរដ្ឋធានីប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ មិនទាន់វិលត្រឡប់មកកម្ពុជាវិញនោះទេ គឺបន្តដំណើរទៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។
ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅក្រុងរីយ៉ាត ធ្វើឡើងតបតាមការអញ្ជើញរបស់ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។ កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)។
អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេសមួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូចេញបំពេញការងារក្រៅប្រទេសជាលើកទី៤ នៅដើមនីតិកាលថ្មីនេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» ដែលជាវេទិកាដ៏មានសារៈសំខាន់ តបតាមការអញ្ជើញរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។
ដំណើរអញ្ជើញជាន់ដីចិនជាលើកទី២ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីការងារជាច្រើនក្នុងរយៈពេល៤ថ្ងៃនេះ ហើយក៏ទាញបានឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាផងដែរ។
រយៈពេល៤ថ្ងៃនេះ ក្រៅតែពីការអញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់និងផ្លូវ» លោកទី៣ និងថ្លែងសុន្ទរកថាគន្លឹះស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនចំនួន៣រូប រួមមាន៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន, ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន និងឯកឧត្តម លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។
ក្រៅតែពីជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិនហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) និងប្រមុខរដ្ឋឡាវ ឯកឧត្តម ថងលូន ស៊ីសូលីតផងដែរ។
ដំណើរទៅកាន់ប្រទេសចិនទាំងពីរលើកនេះ ក្រៅតែពីការស្វះស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រទេស និងប្រទេសហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អាទិភាពខ្ពស់លើការស្វះស្វែងរកការវិនិយោគពីវិស័យឯកជនរបស់ចិន មកកាន់កម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន៧រូប និងថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ថៃមួយរូបផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនវិស័យឯកជនដែលសម្តេចធិបតី បានជួបនោះរួមមាន៖ លោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Genertec International, លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd., លោក កឺ ហាវជែវ (Ge HaiJiao) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារចិនគ្រុប, លោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC), លោក សែ ភីង (Tse Ping) អគ្គនាយរងក្រុមហ៊ុន Charoen Pokphand Group (CP Group), លោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group, លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) និងលោកស្រី វិន ជែ (WEN Jia) ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group។
ក្រោមនយោបាយខ្សែក្រវាត់និងផ្លូវ បាននាំឱ្យដំណើរទៅកាន់ប្រទេសចិនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលទ្ធផលផ្លែផ្កាដ៏គួរឱ្យសម្គាល់ជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនផងដែរ។ ក្នុងនោះ គេបានឃើញកិច្ចព្រមព្រៀងរវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលចិន រហូតដល់ទៅ១០ ត្រូវបានចុះហត្ថលេខាជាមួយគ្នា ដែលបង្ហាញឱ្យឃើញពីការពង្រីកកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បន្ថែមទៀតរវាងប្រទេសទាំងពីរ។
ក្រៅពីកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋហើយនោះ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិស័យឯកជនរបស់ចិនចំនួន៣ថែមទៀត។
តាមរយៈកិច្ចព្រមព្រៀងទាំងនេះ នឹងរួមចំណែកបន្ថែមដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា លើហេដ្ឋរចនាសម្ព័ន្ធ ថាមពល បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្ម។