រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យតាមមណ្ឌល​សុខភាពទាំងយប់ និងណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល​នៅតាមមណ្ឌលសុខភាពទាំងយប់ ដូចជាមណ្ឌលសុខភាពដូនកែន មណ្ឌលសុខភាពចុងកាល់ ខេត្តឧត្តរមានជ័យ ជាដើម និងបានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា។

ការអញ្ជើញចុះពិនិត្យស្ថានភាព តាមមណ្ឌលសុខភាពទាំងនេះយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រីបានបញ្ចប់ការចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃដដែលនេះ។

ក្នុងឳកាសចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ដើម្បីអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បង របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងបានផ្តាំផ្ញើប្រសាសន៍មួយចំនួន ជាគន្លឹះសម្រាប់និរន្តរភាព នៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល៖

១៖ ត្រូវថែទាំសុខភាពខ្លួនជាប់ជាប្រចាំ និងកាន់តែខិតខំថែរក្សាសុខភាពមន្ត្រីសុខាភិបាល ដែលជាសហភាតរ ទោះបីលោកចូលនិវត្តន៍ក៏ដោយ។

២៖ បន្តខិតខំរក្សាចំណេះដឹង សមត្ថភាពជំនាញ តាមរយៈការចងក្រងជាក្រុមពហុឯកទេស ដើម្បីយកគ្រប់ករណីជំងឺស្មុគ្រស្មាញ យកមកដោះស្រាយរួមគ្នា គ្រប់អង្គភាពសុខាភិបាលទាំងកម្រិតខេត្ត ស្រុក និងពិសេសកម្រិតមណ្ឌលសុខភាព។

៣៖ រៀបចំផែនការបណ្តុះបណ្តាល បន្តតាមជំនាញក្នុងអង្គភាពខ្លួន និងឆ្លុះបញ្ចាំងជាមួយអង្គភាពផ្សេងៗ ដែលជាសហភាតរ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរកដំណោះស្រាយ លើបញ្ហាផ្សេងៗ។

៤៖ រៀបចំផែនការត្រៀមទុកជាមុន បន្តលើកកម្ពស់អភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។

៥៖ បន្តខិតខំស្វែងរកដែគូរអភិវឌ្ឍន៍ផ្សេងៗ រួមទាំងវិស័យឯកជន ដោយពាំនាំការចូលរួមពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងអង្គភាពសុខាភិបាលរបស់ខ្លួន។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

សូមជម្រាបថាកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា នៃខេត្តព្រះវិហារផងដែរ៕