ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាជាមួយ ប្រធានរដ្ឋសភាហ្វីលីពីន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេសទាំងពីរកម្ពុជា និងហ្វីលីពីន


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានជួបពិភាក្សាជាមយ ឯកឧត្តម Ferdinand Martin G. Romualdez ប្រធានរដ្ឋសភាហ្វីលីពីន ក្នុងឱកាសដែល ឯកឧត្តម​ អនុប្រធានទី១ នៃរដ្ឋសភា​កម្ពុជា ដឹកនាំគណៈប្រតិភូសភាកម្ពុជា​ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភាហ្វីលីពីន បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិចលើកទី៣១ នៅទីក្រុងម៉ានីល។

ឯកឧត្តមប្រធានរដ្ឋសភា បានអបអរសាទរសម្រាប់ជោគជ័យនៃការបោះឆ្នោតសកលនៅកម្ពុជា ហើយអបអរសាទរដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងបានប្តេជ្ញាធ្វើការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា និងប្រទេសកម្ពុជា ជាពិសេសជម្រុញអោយមានការនាំអង្ករចូលមកប្រទេសហ្វីលីពីន។

ជាការឆ្លើយតប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូសភាកម្ពុជាបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី​ ប្រធានរដ្ឋសភា​ ជូនដល់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាហ្វីលីពីន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ នឹងខិតខំជួយជំរុញឱ្យមានការនាំចេញអង្ករលេខ១​ ទៅកាន់ប្រទេសហ្វីលីពីន​ ឱ្យបានឆាប់​ និងច្រេីន​ តាមដែលអាចធ្វេីបាន។

ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងពីទំនាក់ទំនងការទូតដែលមានយូរលង់មកហើយរវាងកម្ពុជា និងហ្វីលីពីន និងកិច្ចសហប្រតិប្រតិការលើការងារការទូតសភារវាងសភានៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកទឹកចិត្តដល់សភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តពង្រឹង និងពង្រីកសហប្រតិប្រតិការលើវិស័យដែលមានការពាក់ព័ន្ធដូចជា​ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌ ដើម្បីនាំមកនូវ​ផលប្រយោជន៍សម្រាប់ប្រជាជាតិ​ទាំង​ពីរ ក៏ដូច​ជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និង វឌ្ឍនភាព​ក្នុងតំបន់ និង​សកលលោក ផងដែរ​៕