ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាលបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឈានឡើងជាបន្ដបន្ទាប់ របស់សាកលវិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាល។ ការទទួលបាននូវការទទួលស្គាល់នូវគ្រឹះស្ថានអប់រំពេញសិទ្ធិរយៈពេល ៥ឆ្នំា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃពី World’s University with Real impact ធ្វើឱ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រាសុខាភិបាល កាន់តែទទួលបាននូវការទុកចិត្ដពីនិស្សិត អាណាព្យាបាល ព្រមទាំងសាធារណៈជន លើការបណ្ដុះបណ្ដាលស្រាវជ្រាវ និងការបម្រើសេវាផ្សេងៗប្រកបដោយគុណភាព ។
តាងនាមឱ្យក្រសួងសុខាភិបាល និងក្នុងនាមរូបលោករដ្ឋមន្ដ្រីផ្ទាល់ បានធ្វើការកោតសរសើរដោយស្មោះ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ដ្រីរាជការបុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យទាំងអស់ ចំពោះការខិតខំប្រឹងប្រែងទាំងនេះ។
ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្រាបញ្ចកោណដំណាក់កាលទី១ ក្នុងនោះបញ្ចកោណទី១ គឺបានផ្ដោតសំខាន់ទៅលើអភិវឌ្ឍមូលធនមនុស្ស ឱ្យមានគុណភាព និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុត ក្នុងការជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើការបណ្ដុះបណ្ដាលធនធានមនុស្ស លើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល។
ក្នុងទិសដៅនេះក្រសួងសុខាភិបាល បាននឹងកំពុងជំរុញការលើកកម្ពស់ការបណ្ដុះបណ្ដាលនៅគ្រប់គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាលទាំងរដ្ឋ និងឯកជន តាមរយៈការកែលម្អកម្មវិធីសិក្សា ការអនុវត្ដគោលការណ៍ច្បាប់ ការធ្វើទំនើបកម្ម ការរៀន និងការបង្រៀន និងការពង្រឹងគុណភាពគ្រូ ទ្រឹស្ដី និងកម្មសិក្សា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍៦ ចំណុច ជូនដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដើម្បីយកទៅអនុវត្ដ៖
១៖ ការបន្ដពង្រឹងគុណភាពបណ្ដុះបណ្ដាលដោយធ្វើបច្ចុប្បន្នភាពជាប្រចាំ លើកម្មវិធីសិក្សានៅលើគ្រប់កម្រិត,
២៖ យកចិត្ដទុកដាក់ពង្រឹងសមត្ថភាពគរុកោសល្យសម្រាប់សាស្ដ្រាចារ្យ ដើម្បីសម្រេចបានការបណ្ដុះបណ្ដាលបែបសមត្ថភាពជាស្នូល សម្រាប់កម្មវិធីសិក្សាគ្រប់កម្រិត
៣៖ ការយកចិត្ដទុកដាក់បន្ថែមលើការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្ដច្បាប់ក្នុងវិស័យសុខាភិបាល ដោយរិៈរកវិធីសាស្ដ្របង្រៀន និងការវាយតម្លៃឱ្យកាន់តែប្រសើរឡើង
៤៖ ការពង្រឹងការងារអភិបាលកិច្ច និងការគ្រប់គ្រងតាមរយៈការបណ្ដុះបណ្ដាលបន្ដជាប្រចាំអំពីភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍ ដល់មន្ដ្រីបុគ្គលិក និងជំរុញការធ្វើទំនើបកម្ម ការងារអភិបាលកិច្ច និងគ្រប់គ្រង និងប្រើប្រាស់នូវកាលានុវត្ដភាពរបស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុត ដែលអាចធ្វើទៅបាន
៥៖ ការជំរុញការងារសិក្សាស្រាវជ្រាវដោយសហការជាមួយដៃគូជាតិ និងអន្ដរជាតិបន្ថែមទៀត ដើម្បីស្វែងរកនូវរបកគំហើញថ្មីៗសម្រាប់ជាធាតុចូលសំខាន់ ក្នុងរៀបចំជាគោលនយោបាយ និងយុទ្ធសាស្ដ្រសុខាភិបាលជាពិសេសក្នុងការបណ្ដុះបណ្ដាលនាពេលអនាតគ។
៦៖ បន្ដពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងសាកលវិទ្យាល័យ និងទីតាំងកម្មសិក្សាគ្រប់កម្រិត។
ក្នុងឱកាសនោះឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទាំងអស់ សូមបន្ដគាំទ្រ សហការយ៉ាងជិតសិ្នទជាមួយសាកលវិទ្យាល័យ ក្នុងការជួយផ្ដល់នូវសាស្ដ្រាចារ្យដែលមកបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ព្រមទាំងផ្ដល់នួវសាស្ដ្រាចារ្យជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិតឱ្យបានល្អ និងយកចិត្ដទុកដាក់ខ្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា បានថ្លែងអំណរគុណដល់អង្គការដៃគូនានាទាំងអស់ ដែលបានជួយជ្រោមជ្រែង ដល់សាកលវិទ្យាល័យកន្លងមក ហើយសង្ឃឹមថាយ៉ាងមុតមាំថា ដៃគូទាំងអស់នឹងខិតខំជួយសហការឱ្យបានល្អជាមួយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបន្ដទៀត។
ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ដ្រីរដ្ឋមន្ដ្រី បានលើកទឹកចិត្ដដល់និស្សិតទាំងអស់ សូមខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីកម្លាំងកាយ-ចិត្ដ និងប្រាជ្ញា។ លើសពីនោះត្រូវរួមគ្នាខិតខំលើកកម្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈទាំងពេលក្នុងការសិក្សា និងពេលចប់ចេញទៅប្រកបវិជ្ជាជីវៈ។
សូមជម្រាបថាក្នុងឱកាសដែលឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតីភាពបើកបវេសនកាលឆ្នាំថ្មីនេះ លោករដ្ឋមន្ដ្រីបានផ្ដល់នូវអនុសាសន៍ ក៏ដូចជាគន្លឹះបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ អាណាព្យាបាល និងនិស្សិតដែលបានចូលរួមផងដែរ។
ជាមួយគ្នានេះឯកឧត្តមសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានថ្លែងថា ដោយមានការយកចិត្ដទុកដាក់ខ្ពស់ និងការណែនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តមសាស្រ្ដាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា សាកលវិទ្យាល័យបាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពបណ្ដុះបណ្ដាលស្រាវជ្រាវ នវានុវត្ដន៍ និងការផ្ដល់សេវារបស់ខ្លួន ដើម្បីឈានទៅរកឧត្ដមភាព និងមានការទទួលស្គាល់គុណភាព ទាំងកម្រិតជាតិ តំបន់ និងអន្ដរជាតិ៕