រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារ កម្មវិធីទី១ និងកម្មវិធីទី២របស់ក្រសួង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងកម្មវិធីទី១ «ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍» និងកម្មវិធីទី២ «ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ» របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះ ការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង និងប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទាំង២ខាងលើ។

គោលបំណងនៃកិច្ចប្រជុំ គឺដេីម្បីត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានលេីកឡេីងអំពីការរៀបចំរបាយការណ៍​ ត្រូវមានលក្ខណៈច្បាស់លាស់ ដោយផ្ដោតលើទម្រង់ ខ្លឹមសារខ្លី និងច្បាស់លាស់ និងមានទិន្នន័យគ្រប់ជ្រុយជ្រោយ និងសង្គតភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីចូលរួមអនុវត្តសម្រេចឲ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្រសួងត្រូវបន្ដខិតខំជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការស្ថាបនា តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជនបទប្រទាក់ក្រឡាប្រកបដោយគុណភាព និងនិរន្ដរភាព ដោយផ្ដោតលើតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។

ជាមួយគ្នានេះ ក្រសួងត្រូវបន្ដយកចិត្តទុកដាក់លើការងារផ្គត់ផ្គត់ទឹកស្អាតជនបទ, ការជំរុញអត្រាបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល និងការអនុវត្តអនាម័យជនបទឲ្យបានទូលំទូលាយ ដើម្បីចូលរួមសម្រេចឲ្យបានជាមួយយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់វទស្សនៈវិស័យ ត្រឹមឆ្នាំ២០២៥ «ប្រជាជនគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្ដរភាព»