រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និងនូវែលសេឡង់


(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និងនូវែលសេឡង់ នៅសាលសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះប្អូនៗជ័យលាភីអាហារូបករណ៍អ៊ីរ៉ាស្មូស (ERASMUS) ទៅប្រទេសបារាំង និងរដ្ឋាភិបាលនូវែលសេឡង់ ទៅប្រទេសនូវែលសេឡង់ មកកាន់ក្រសួងអធិការកិច្ច និងបានកោតសរសើ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះចំណាប់អារម្មណ៍ចង់ដឹង និងចង់ស្គាល់ក្រសួងអធិការកិច្ច។

ថ្លែងក្នុងឱកាសដ៏ស្និទ្ធស្នាលនាពេលនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី មានប្រសាសន៍ទាក់ទងទៅនឹងមូលហេតុនៃការប្តូរឈ្មោះក្រសួងជូនប្អូនៗថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីដំបូង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ពោលគឺការកាត់ បន្ថយភាពក្រីក្រ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយបន្តអនុវត្តអភិក្រមចំនួន៥ ដែលបានដាក់ចេញដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។

ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តថា ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីឆ្លើយតបនឹងរចនាសម្ព័ន្ធស្នូលរបស់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ តម្រូវជាការចាំបាច់នូវការប្តូរ ឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលបំណងបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងសង្គមឌីជីថល។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនប្អូនៗអំពីបេសកកម្មរបស់ក្រសួងអធិការកិច្ចដែលប្រគល់ជូនដោយរាជរដ្ឋាភិបាលនាអាណត្តិទី៧នេះគឺ៖

*ទី១៖ ធ្វើអធិការកិច្ចលើគ្រប់វិស័យ និងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការ ទប់ស្កាត់ និងមានវិធានការផ្សេងៗ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា
*ទី២៖​ ការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់នាយករដ្ឋមន្ត្រី
*ទី៣៖ ទទួលបណ្តឹង និងអង្កេតស្រាវជ្រាវគ្រប់បុគ្គលទាំងអស់ រួមមានពីរូបវន្តបុគ្គល (អាចជាប្រជាពលរដ្ឋ) និងនីតិបុគ្គល (ក្រុមហ៊ុន ឬ សមាគម) ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីតួនាទី និងកាតព្វកិច្ចរបស់យុវជន ចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅបរទេស។ ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់ ឬនិស្សិតម្នាក់ ជាទូតសុឆន្ទៈតំណាងកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជា ឱ្យពិភពលោកបានស្គាល់ និងតួនាទីរបស់យុវជនពេលបញ្ចប់ការសិក្សា ចំពោះប្រទេសជាតិ។ ត្រឡប់មកវិញប្រកបដោយសុវត្ថិភាព មានសមត្ថភាព ក្នុងការរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស ទៅតាមជំនាញរៀងៗខ្លួន ក្នុងករណីប្អូនៗមានបញ្ហា ឬសំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសដែលប្អូនៗរស់នៅ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ឱ្យចូលរួមក្នុងកម្មវិធី ដែលស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសដែលប្អូនៗស្នាក់នៅសិក្សារៀនសូត្រ និងក្រុមការងារយុវជននៅទីនោះផងដែរ និងបានផ្តល់ជូនសៀវភៅ ជាកាដូអនុស្សាវរីយ៍ ចំនួន ៣ក្បាល ក្នុងម្នាក់ៗ ដែលជាចំណងដៃរបស់លោករួមមាន៖

*ទី១៖ កំពូលស្ថាបនិក និងបីតាសន្តិភាពរបស់កម្ពុជា (សម្តេចតេជោ)
*ទី២៖ ទឹកចិត្តអ្នកជួយសង្គ្រោះ (សម្តេចកិត្តិព្រឹទ្ធបណ្ឌិត)
*ទី៣៖ កូនប្រុសច្បងដ៏មានឥទ្ធិពល (សម្តេចធិបតី)។

សៀវភៅទាំងបីនេះ នឹងជាត្រីវិស័យដ៏សំខាន់ ដែលប្អូនៗអាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋាន ដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារ ដែលប្អូនជ្រើសរើស ព្រមទាំងជូនពរថ្នាក់ដឹកនាំ និងប្អូនៗទាំងអស់ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤នេះ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការរៀនសូត្រ៕