រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ នៅខេត្តស្វាយរៀង


(ស្វាយរៀង)៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តដូនទយ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សូមជម្រាបថា ប្រព័ន្ធធារាសាស្រ្តដូនទយត្រូវបានជួសជុល និងស្ដារឡើងវិញនៅឆ្នាំ២០១១ ដោយក្រសួងធនធានទឹកនិងឧតុនិយម មានបរិមាណទឹក១៧លានម៉ែត្រត្រីគុណ មានផ្ទៃដីស្រោចស្រពសរុប៧២៣៩ហិកតា ក្នុងនោះស្រូវវស្សាចំនួន៦០៤៩ហិកតា និងស្រូវប្រាំងចំនួន១១៩០ហិកតា។

ក្នុងថ្ងៃដដែរ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង ក៏បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន២ (អាងទឹកកំពង់ជ្រៃ) ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២នេះ រួមមាន៖ ទី១)ជីកព្រែក២ខ្សែ សរុបប្រវែង១៤.៦គីឡូម៉ែត្រ ទី២)សាងសង់ប្រឡាយមេ៤ខ្សែ សរុបប្រវែង៥៩.៥គីឡូម៉ែត្រ ទី៣)សាងសង់ទំនប់សណ្តប្រវែង៤១.៥គីឡូម៉ែត្រ ទី៤)សាងសង់សំណង់បង្ហៀរចំនួន១កន្លែង សំណង់ស្ទាក់ទឹក៦កន្លែង និងសំណង់សម្រួលចរន្តទឹក៨កន្លែង និងទី៥)សាងសង់ស្ថានីយបូមទឹកចំនួន៤កន្លែង និងសំណង់លូទឹក៣២កន្លែង។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ គឺក្នុងគោលបំណងដើម្បីនាំទឹកទន្លេមេគង្គតាមរយៈផ្នែកខាងលើទន្លេតូច តាមព្រែកកំពង់ត្របែក និងព្រែកជីកថ្មី និងដើម្បីពង្រីកផ្ទៃដីស្រោចស្រពឱ្យមានសក្តានុពលអាចបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរីកចម្រើននិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធដោយធ្វើយ៉ាងណាឱ្យការងារគម្រោងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ឆ្លៀតក្នុងឱកាសចុះពិនិត្យការងារ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង លោក គឹម សាវុធ បានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីស្តារប្រឡាយដោះទឹកដូនទយប្រវែង១៣,៧០០ម៉ែត្រ និងសំណង់ដោះទឹកចំនួន៩កន្លែង ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង និង ២)សាងសង់ប្រឡាយដោះទឹកប្រវែង៥,២៩១ម៉ែត្រ សាងសង់សំណង់ដោះទឹក លូជ្រុងឆ្លងប្រឡាយចំនួន៤កន្លែង សាងសង់សំណង់លូទ្វារទឹកឆ្លងភ្លឺប្រឡាយចំនួន២កន្លែង សាងសង់សំណង់លូទ្វារទឹកឆ្លងកាត់ទំនប់ចំនួន១កន្លែង សាងសង់សំណង់លូជ្រុងទ្វារទឹកឆ្លងកាត់ទំនប់ចំនួន១កន្លែង និងសាងសង់សំណង់ដោះទឹកលូជ្រុងដោះទឹកប្រវែង២១៥ម៉ែត្រ ចំនួន១កន្លែង ដើម្បីបំពាក់នៅលើប្រព័ន្ធស្រោចស្រពវ៉ៃគោសម្រាប់ដោះទឹកជំនន់នៅរដូវវស្សា​ (ជំនន់ទឹកភ្លៀង) បានទាន់ពេលវេលាក្នុងភូមិសាស្ត្រឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយមបានអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលមានប្រភពទឹកមកពីទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោដែលទទួលបានហិរញ្ញប្បទានពីធនាគាររបស់ចិន CHINA EXIMBANK ត្រូវបានអភិវឌ្ឍសាងសង់ជា២ជំហានគឺ៖ ជំហានទី១ ចាប់ផ្តើមក្នុងឆ្នាំ២០១៣ និងបញ្ចប់ក្នុងឆ្នាំ២០១៦ ស្ថិតនៅតំបន់ប្រសព្វគ្នារវាងខាងត្បូងខេត្តកំពង់ចាម និងខាងជើងខេត្តព្រៃវែង មានផ្ទៃរងទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ១០៨,៣០០ហិកតានៅរដូវវស្សា និង២៧០,១០០ហិកតា នៅរដូវប្រាំង។ ជំហានទី២ ចាប់ផ្តើមក្នុងឆ្នាំ២០១៧ និងបញ្ចប់ក្នុងឆ្នាំ២០២១ ស្ថិតនៅតំបន់ប្រសព្វរវាងខាងកើតខេត្តព្រៃវែង និងខាងលិចខេត្តស្វាយរៀង មានផ្ទៃរងទឹក៧៩៥,០០០ គីឡូម៉ែត្រការ៉េ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបានទំហំ៩៣,១០០ហិកតានៅរដូវវស្សា និង២៣,៣០០ហិកតា នៅរដូវប្រាំង៕