ឯកឧត្តម ឈួន វិន ដឹកនាំបើកកិច្ចប្រជុំលើកដំបូង របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា


(មណ្ឌលគិរី)៖ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងបើកកិច្ចប្រជុំលើកដំបូងរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្ត លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះរៀបចំឡើងដើម្បីធ្វើការប្រកាសជាផ្លូវការនូវការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសមាជិកសរុបចំនួន ៥៩រូប និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ មានសរុបចំនួន ១៧០រូប។ មួយផ្នែកទៀតអង្គប្រជុំបានលើកឡើងអំពី តួនាទីភារកិច្ច របៀបរបបការងារ របបប្រជុំ និងការរៀបចំវេទិកាសាធារណៈ ព្រមទាំងផែនការសកម្មភាព ដើម្បីជាការជម្រាបជូនដល់សមាជិក សមាជិកានៃក្រុមការងារ ឱ្យបានជ្រាបកាន់តែច្បាស់បន្ថែមទៀត។

តួនាទីសំខាន់ៗ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគឺ តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងដោះស្រាយ/ឆ្លើយតប សំណើ សំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ផ្អែកលើតួនាទីខាងលើ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានភារកិច្ចសំខាន់ៗដូចខាងក្រោម៖
១៖ លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ជាមួយបងប្អូនប្រជាពលរដ្ឋ។
២៖ សហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័ន ធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។
៣៖ ជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ជំនាញ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋានក្នុងការបំពេញការងារស្របតាមតួនាទីសមត្ថកិច្ចរបស់ខ្លួន។
៤៖ សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ពួកគាត់។
៥៖ សហការគាំទ្រ និងចូលរួមធ្វើអន្តរាគមន៍ដល់មូលដ្ឋាន នៅពេលមានគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារនិងជួយសង្គ្រោះប្រជាពលរដ្ឋ។
៦៖ កៀរគរធនធាន មធ្យោបាយ សម្ភារពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន ការកសាងសមិទ្ធផលសង្គម និងការដោះស្រាយ/ឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ក៏បានលើកឡើងពីវិស័យសក្តានុពលក្នុងខេត្តមណ្ឌលគិរីដែលរួមមាន៖ វិស័យកសិកម្ម និងវិស័យទេសចរណ៍ និងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចដោយក្តាប់បាននូវបញ្ហាប្រឈម តម្រូវការ និងចម្ងល់នានារបស់ប្រជាពលរដ្ឋ និងខិតខំបំពេញតួនាទី និងភាកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់កន្លងមក។

ទន្ទឹមនឹងនេះឯកឧត្តមក៏បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានចូលរួមកែប្រែមុខមាត់កម្ពុជាគួរជាទីមោទនៈ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដោយកើតក្រោមម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស ជាមរតកនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់នីតិកាលថ្មី ក្រោមកិច្ចដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាមប្រធានក្រុមការងារ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំតាំងពីដំណើរការរៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រហូតដល់ការបង្កើតក្រុមការងារតាមស្រុក/ក្រុង ឃុំ/សង្កាត់ ការបង្កើតលេខាធិការដ្ឋានរបស់ខេត្ត និងស្រុក/ក្រុង និងបែបបទការងាររដ្ឋបាល រហូតដល់កើតមានកិច្ចប្រជុំនាពេលនេះទាំងអស់នេះគឺជាការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចសម្របសម្រួលយ៉ាងសស្រាក់សស្រាំពីគ្រប់សមាសភាពពាក់ព័ន្ធ។

សូមជម្រាបដែរថា៖ ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសាន្តនៃព្រះរាជាណាចក្រកម្ពុជា រយៈចម្ងាយប្រវែង ៣៨២គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តនេះមានក្រុងសែនមនោរម្យ ជាទីរួមខេត្ត និងស្រុកចំនួន ០៤ ចែកចេញជា ០៤ សង្កាត់ ១៧ឃុំ និង ៩២ភូមិ ដែលមានផ្ទៃដីសរុបចំនួន ១៤ ២៨៨គីឡូម៉ែត្រក្រឡា ប្រជាពលរដ្ឋសរុប ចំនួន ១០០ ១២៦នាក់(ស្រី ៤៨ ២០៨នាក់) ស្មើនឹង ២៤ ១៧៣គ្រួសារ មានដង់ស៊ីតេ ៧នាក់/គីឡូម៉ែត្រក្រឡា និងកំណើនប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២,៧៤% GDPប្រចាំឆ្នាំចំនួន ២ ១២២,៥៨ដុល្លាអាមេរិក(ឆ្នាំ២០២២) និងមានជនជាតិដើមភាគតិចចំនួន ០៨ជនជាតិ ក្នុងនោះមាន ព្នង ក្រោល គ្រឹង ស្បៀង ផ្ទួន ទំពួន ចារាយ និងរអួង ។

ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម មានប្រវែង ៣១៤.៦៦៤គីឡូម៉ែត្រ ជាប់ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក វៀតណាម ខាងជើង ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី និងខាងលិចជាប់ខេត្តក្រចេះ។ ប្រជាជនប្រកបមុខរបរចម្បង ក្នុងវិស័យកសិកម្ម ៨២% វិស័យសិប្បកម្ម ១% និងវិស័យសេវាកម្ម ១៧%។ ខេត្តនេះមានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗ សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ចំនួន០៣ ក្នុងនោះមាន៖ ច្រកទ្វារឡាប៉ាខេ ស្រុកកែវសីមា ច្រកទ្វារដាក់ដាំ ស្រុកអូររាំង ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា និង ច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការនៅឡើយ)៕