(ហ្សឺណែវ)៖ តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយឯកឧត្តម អ៊ូច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ពីទីក្រុងហ្សឺណែវ បានថ្លែងឲ្យដឹងថា ការផ្សព្វផ្សាយរបស់កាសែត The Nation គឺគ្មានការពិតទាំងស្រុង គណៈប្រតិភូកម្ពុជាគ្មានគម្រោងណាមួយដែលបានរៀបចំឲ្យមានការជួបប្រជុំគ្នារវាងគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃនោះទេ។
ឯកឧត្តម អ៊ូច បូរិទ្ធ បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់កាសែត The Nation គឺជាការបំភ្លៃបង្កើតឲ្យមានរឿងរ៉ាវយល់ច្រឡំគ្នា និងបង្កជាបញ្ហា ប៉ុន្តែតាមការពិតគ្មានរឿងអ្វីទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែតួនាទីរបស់ឯកឧត្តមជា «អនុប្រធានទី១» ក៏កាសែតមួយនេះសរសេរថា «អនុប្រធានទី២»ផងដែរ។
ការលើកឡើងរបស់ឯកឧត្តម អ៊ូច បូរិទ្ធ ពីទីក្រុងហ្សឺណែវ ទីដែលលោកកំពុងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមកិច្ចមហាសន្និបាត IPU នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ការថ្លែងទាត់ចោលការផ្សាយរបស់កាសែត The Nation ខាងលើនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា គណៈប្រតិភូសភាកម្ពុជា បានពន្យារពេលកិច្ចប្រជុំទ្វេភាគី ដែលបានគ្រោងទុកជាមួយគណៈប្រតិភូថៃ ក្នុងកិច្ចប្រជុំលើកទី ១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ដោយគ្មានកំណត់ដោយមិនផ្តល់ហេតុផលណាមួយឡើយ៕