ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារ


នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើការងារអាទិភាព សកម្មភាពការងារ លទ្ធផលការងារ និងទិសដៅការងាររបស់អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្តឹង សំដៅចូលរួមពង្រឹងការងារដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហារ របស់ក្រសួងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានកន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវខិតខំពង្រឹង និងជំរុញការងាររបស់អនុក្រុមការងារដោះស្រាយបណ្ដឹង ឱ្យមានលក្ខណៈជាប្រព័ន្ធការងារដែលពេញលេញ និងប្រទាក់ក្រឡា ដូចដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច។