(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានថ្លែងថា រាល់សកម្មភាពជាជំហានៗរបស់រដ្ឋាភិបាល សុទ្ធតែជាយុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិ ដើម្បីការពារដីដូនតា។
ការលើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធ ធ្វើឡើងស្របពេលដំណឹងថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ គ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ។
បើតាមឯកឧត្តម ជា ធីរិទ្ធ, សម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍ថា «ការអត់ធ្មត់ តែសកម្ម ក៏ជាអាវុធដ៏មានឥទ្ធិពលមួយបែបដែរ ដើម្បីទប់ទល់នឹងការឈ្លានពាន»។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏លើកឡើងស្រដៀងសម្តេចតេជោដែរថា «ស្ងៀមស្ងាត់ ស្ងាត់តែមិនស្ងៀម ជាអភិក្រមដោះស្រាយជម្លោះ ដើម្បីការពារទឹកដីមាននិរន្តរភាព»។
ឯកឧត្តម ជា ធីរិទ្ធ បានស្នើឱ្យបងប្អូនមួយចំនួនដែលរិះគន់ សូមពិចារណាថា ក្នុងពេលដោះស្រាយបញ្ហាព្រំដែន ការពារទឹកដី វាមិនគួរជាពេលដែលបងប្អូនត្រូវលើកឡើងពីទឡ្ហីករណ៍ សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ ទាមទារឲ្យរដ្ឋាភិបាលត្រូវតែប្រាប់បងប្អូនគ្រប់បែបយ៉ាងនោះទេ។
ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងថា «ការដោះស្រាយរឿងទឹកដី វាមិនដូចដោះស្រាយរឿងសិទ្ធិបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ នោះឡើយ។ រាល់សកម្មភាពជាជំហានៗរបស់រដ្ឋាភិបាល សុទ្ធតែជាយុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិ ដើម្បីការពារដីដូនតា»។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ទៀតថា «ខ្ញុំដឹងថា ទោះបងប្អូនស្ថិតក្នុងនិន្នាការណា ក៏ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ហើយថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកគាំទ្របក្សប្រជាជនកម្ពុជា ក៏ស្រឡាញ់ទឹកដីដូចគ្នាដែរ។ បើយើងសុទ្ធតែស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដូនតាដូចគ្នា ក្នុងពេលនេះ យើងគប្បីសាមគ្គីគ្នា ឆ្ពោះទៅគោលដៅរួម គឺប្រឆាំងការឈ្លានពានដីដូនតា»៕