មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែប្រវែង ១,៥៧០ម៉ែត្រ សាងសង់លូប្រអប់មុខមួយ១កន្លែង និងលូមូលមុខពីរចំនួន២កន្លែង នៅខេត្តកណ្តាល


(កណ្តាល)៖ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនា ផ្លូវក្រាលបេតុងចំនួន១ខ្សែប្រវែង ១,៥៧០ម ទទឹង៦ម កម្រាស់០,២០ម សាងសង់លូប្រអប់មុខមួយចំនួន១កន្លែង និងលូមូលមុខពីរចំនួន២កន្លែង ស្ថិតនៅភូមិជ័យធំ ភ្ជាប់ទៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

គម្រោងការងារនេះអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ភុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់ថវិការជំពូក២១។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលផងដែរ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានថ្លែងថា សមិទ្ធផលខាងលើនេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសបង្កភាពងាយស្រួល ដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន បានគ្រប់រដូវកាល។

ក្នុងឱកាសនោះ គណៈកម្មការអន្តរក្រសួង បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក សូមចូលរួមសហការ ថែរក្សាផ្លូវឱ្យបានល្អប្រសើរ ទប់ស្កាត់ការដឹកលើសទម្ងន់ ជួយណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ កុំចាក់ដីខ្ពស់ជាងផ្លូវ ត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន និងសូមចូលរួមគោរពច្បាប់ចរាចរ ផ្លូវគោកទាំងអស់គ្នា៕