(បូស្ន៊ី)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League) អញ្ជើញចូលរួមសន្និសីទអន្តរជាតិ នៃថ្នាក់ដឹកនាំជាសមាជិកសភា និងសាសនា សម្រាប់សុខដុមនីយកម្ម និងសន្តិភាព នៅទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា ដែលជាទីកន្លែងនៃភាពចម្រុះជាតិសាសន៍ វប្បធម៌ និងសាសនា។
នៅក្នុងកម្មវិធីបើក នៃសនិ្នសីទនេះ មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម Željko Komšić ប្រធានាធិបតីបូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា និងបិទកម្មវិធីដោយ ឯកឧត្តម Denis Zvizdić ប្រធានរដ្ឋសភាបូស្ន៊ី និងហ៊េកហ្ស៊ីហ្គូវីណា។
សន្និសីទនេះ ក៏មានការចូលរួមពីវាគ្មិន និងសមាជិកសភា មេដឹកនាំសាសនាផ្សេងៗ តំណាងសង្គមស៊ីវិល អ្នកសិក្សា និងអ្នកជំនាញប្រមាណ៤០០នាក់ ដែលមកពីប្រទេសផ្សេងៗ ដើម្បីចូលរួមកិច្ចសន្ទនា និងកំណត់រួមគ្នានូវវិធានការសំខាន់ៗ ដើម្បីកសាងសង្គមដ៏ត្រឹមត្រូវ។
សន្និសីទនេះ ត្រូវបានរៀបចំឡើង ដោយរដ្ឋសភាបូស្នុី និងហ៊េកហ្ស៊ីហ្គូវីណា សហការជាមួយ អង្គការសម្ព័ន្ធពិភពឥស្លាម ក្នុងគោលបំណង បង្កើតការសន្ទនាប្រកបដោយប្រសិទ្ធភាព និងការយល់ដឹងគ្នាទៅវិញទៅមក ក្នុងចំណោមសមាជិកសភា និងអ្នកដឹកនាំសាសនា ដើម្បីរួមគ្នាដោះស្រាយ បញ្ហាដែលមានផលប្រយោជន៍រួម និងលើកកម្ពស់ការសម្របសម្រួល អន្តរជំនឿ និងកិច្ចសន្ទនាអន្តរវប្បធម៌ និងសាសនា ជនជាតិ និងវប្បធម៌ចម្រុះ ដែលជាស្ពានមួយឆ្ពោះទៅការយល់ដឹង និងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ ដល់មនុស្សជាតិទាំងមូល។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចចូលរួមសន្និសីទខាងលើនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានជួបពិភាក្សាការងារ ជាមួយបណ្តាថ្នាក់ដឹកនាំឥស្លាម មួយចំនួនផងដែរដូចជា ឯកឧត្តម Dr. MOHAMMAD ABDULKARIM A ALISSA អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA)។
ក្រោយបញ្ចប់សន្និសីទ នៃថ្នាក់ដឹកនាំជាសមាជិកសភា និងសាសនា សម្រាប់សុខដុមនីយកម្ម និងសន្តិភាព នៅថ្ងៃទី១៣ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត និងសហការី បានបន្តចេញដំណើរទៅទស្សនកិច្ចការងារ នៅទីក្រុងដូហា ប្រទេសកាតា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ផងដែរ៕