សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន បន្តសកម្មតាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និងគណនេយ្យភាពដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមផ្តាំផ្ញើ និងជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី៤»

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្តាំផ្ញើ និងជំរុញជាថ្មីម្តងទៀតឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម, មុខងារ, កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី៤»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថាដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យជាមួយនឹងការដកស្រង់ មេរៀន បទពិសោធន៍ល្អ ព្រមទាំងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះឧបសគ្គផងទាំងពួងប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្តង់ដារ និងឧត្តមមានុវត្តន៍អន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណេត ក៏បានបង្ហាញអារម្មណ៍រីករាយ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់ការអនុវត្តនីតិវិធីចំណាយចរន្តទាំងស្រុង ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៤៤បន្ថែមទៀត។ កិច្ចការងារនេះជាជោគជ័យដ៏សំខាន់មួយទៀត របស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារកែទម្រង់ អាចសម្រេចជោគជ័យបាន លុះត្រាតែមានកិច្ចសហការល្អ ក្នុងចំណោមគ្រប់តួអង្គអនុវត្តពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថាប័នផ្ទាល់។ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈធ្វើឡើង ដើម្បីធានាឱ្យស្ថាប័នទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិបំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដើម្បីការបម្រើសេវាជូនប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕