ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ ហុងគ្រី សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ


(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច កម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគីដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២នៃឆ្នាំ២០២៤។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះ ការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ។

ជាថ្មីម្ដងទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញ ទៅមក នៅលើវេទិកាអន្តរជាតិ៕