រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតជូនឯកឧត្តម ផាក ជុងវ៉ុក (H.E. Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ មូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ដែលនេះគឺជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistic System Master Plan 2023-2033 – CITLS) ដោយបានកំណត់នូវគម្រោងអាទិភាពចំនួន១៧៤ ត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាព និងឱកាសពិចារណាលើការវិនិយោគ ចំពោះគម្រោងណាមួយ នៅក្នុងផែនការមេខាងលើផងដែរ។

ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថានឹងអាចបើកការដ្ឋានសាងសង់បាននាដើមឆ្នាំ២០២៥ ខាងមុខ៕