អភិបាលខេត្តព្រះវិហារ ណែនាំតំបន់ប្រតិបត្តិការសឹករងខេត្ត ពង្រឹងការអនុវត្តឲ្យបានស្រួចស្រាល់បំផុតកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំដល់កងកម្លាំងកងទ័ព ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវតែបន្តពង្រឹងការអនុវត្តឲ្យបានស្រួចស្រាល់បំផុត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងអាណត្តិបន្តទៀត។

ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាបូកសរុបការងារយោធាប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារយោធាប្រចាំឆ្នាំ២០២៤ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំការទិសទី១ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម គឺម រិទ្ធី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន កម្លាំងជំនាញ និងអង្គភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងាររហូតសម្រេចបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ស្នាដៃ និងសមិទ្ធិផលការងារដែលសម្រេចបានមកនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិន ក្នុងការតស៊ូប្រឹងប្រែងបំពេញតួនាទី ភារកិច្ច បម្រើជាតិមាតុភូមិនិងប្រជាជន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់នយោបាយការពារជាតិ និងបទបញ្ជារាជរដ្ឋាភិបាលដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតឆ្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានធ្វើឲ្យកងយោធពលខេមរភូមិន្ទបំពេញតួនាទីជាស្នូល ក្នុងការការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យជាតិរឹងមាំ ក្នុងនោះកងយោធពលខេមរៈភូមិន្ទ គឺជាកម្លាំងឈានមុខ និងជាគំរូដ៍ធំធេងលើមាតុភូមិ ដោយបំពេញភារកិច្ចអនុវត្តមុឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពតាមវិធានការ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ជាមួយគ្នានេះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបបំពេញការងារ ខ្សែគណនេយ្យភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ច ទាំងកិច្ចការងារស្នូល និងភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជាអាទិ៍ ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លើសពីនេះ ឯកឧត្តមបានណែនាំឲ្យសហការជាមួយបណ្តាលអង្គភាព និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធក្នុងការត្រួតពិនិត្យព្រំដែនជាប់ជាប្រចាំ រួមជាមួយភាគីថៃទប់ស្កាត់បទល្មើសគ្រប់ប្រភេទ កសាងបានព្រំដែនសន្តិភាព សហប្រតិបត្តិការល្អដើម្បីអភិវឌ្ឍ និងចូលរួមសហការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ថែរក្សាចូលរួមក្នុងការការពារសន្តិភាព ស្ថិរភាពសង្គម ទប់ស្កាត់រាល់ចលនាបដិវត្តន៍ពណ៍ ចលនាបំផ្លាញសន្តិភាព និងជួយទប់ស្កាត់បទល្មើសផ្សេងៗដូចជា៖ព្រៃឈើ គ្រឿងញៀន ល្បែងសុីសង នេសាទខុសច្បាប់៕