រដ្ឋបាលរាជធានី​ភ្នំពេញ ជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូទីក្រុងហូជីមិញ​ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​


រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ មានកិច្ចសហប្រតិបត្តិការល្អ ទាំងវីស័យ វប្បធម៌ សេដ្ឋកិច្ចការអប់រំ និងទេសចរណ៍ជាដើម ហើយរាជធានីភ្នំពេញ ក៏ជាទីក្រុងមួយដែលបានពង្រីកខ្លួនកាន់តែខ្លាំងក្លា ជាមួយការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗជាច្រើន ដែលធ្វើអោយកំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់។

នេះជាការលើកឡើង លោក ឧត្ដមសេនីយ៍ទោ ង្វៀម វ៉ានណាម មេបញ្ជាការស្នាក់ការកណ្តាលយោធាទីក្រុងហូជីមិញ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ប្រចាំទីក្រុងហូជីមិញ ខណៈលោកដឹកនាំប្រតិភូ ជួបសំណេះសំណាលជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

លោក ង្វៀម វ៉ានណាម បានលើកឡើងទៀតថា កម្ពុជានិងវៀតណាម អោយតែមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៃប្រទេសទាំងពីរ តែងបានជួបសំណេះសំណាល និងជូនពរគ្នាទៅវិញទៅមក ដែលនេះជាប្រពៃណីដ៏ល្អ រវាងប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងគ្នា ហើយការជួបគ្នានេះ ក៏ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការ រវាងទីក្រុងនិងទីក្រុង អោយកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ។ ទំនាក់ទំនងនៃប្រទេសទាំងពីរបានជំរុញឲ្យទីក្រុងមួយចំនួនរបស់រៀតណាម បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តមបន្តថា ក្នុងនោះទីក្រុងហូជីមិញ ក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះទេ កងពលមួយចំនួនរបស់កម្ពុជារួមជាមួយ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហូជីមិញផងដែរ ដែលធ្វើអោយទំនាក់ទំនងកាទូតនៃប្រទេសទាំង២កាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា វៀតណាមនិងកម្ពុជា គឺមានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៦៧ ដែលគិតមកដល់ពេលនេះ មានរយៈពេល៥៧ឆ្នាំហើយ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អខាងលើនេះ នាំឲ្យមានអ្នកវិនិយោគទុនវៀតណាម បានមកវិនិយោគទុននៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរបស់វៀតណាមនៅកម្ពុជា បានការឡើងជាលំដាប់ផងដែរ។

ឯកឧត្តមបន្តថា បន្ថែមពីនេះ សម្រាប់យុវជនកម្ពុជា និងយុវជនវៀតណាម យើងក៏បានធ្វើទំនាក់ទំនងគ្នាល្អ និងមានភាពរឹងមាំផងដែរ សម្រាប់បន្តទំនាក់ទំនងនេះកាន់តែល្អទៅថ្ងៃអនាគត។ ផ្ដើមចេញពីទំនាក់ទំនងការទូត រវាងវៀតណាមនិងកម្ពុជា នាពេលនេះ នឹងបន្តពូនជ្រុំទៅដល់យុវជនជំនន់ក្រោយ បន្តទំនាក់ទំនងនេះ កាន់តែល្អបន្ថែមទៀតទៅថ្ងៃអនាគត់។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា តាមគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺការរឹតចំណងសាមគ្គីភាពជាមួយវៀតណាមអោយកាន់តែរឹងមាំ និងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម៕