ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បានចូលរួមពិធីបង្សុកូលនិងពូនភ្នំខ្សាច់នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតនៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត និងលោក លោកស្រី ជាប្រតិភូអមដំណើរ បានអុជធូបថ្វាយបង្គំព្រះរតនត្រ័យ ប្រគេនចង្ហាន់ ដល់ព្រះសង្ឃ និងចូលរួមជាមួយប្រជាពលរដ្ឋជាពុទ្ធបរិស័ទក្នុងពិធីបង្សុកូល ពិធីរាប់បាត្រ និងពិធីពូនភ្នំខ្សាច់ ដែលព្រះសង្ឃ គណៈកម្មការ និងអាចារ្យវត្ត បានរៀបចំឡើងទៅតាមកិច្ចសាសនា។
គួររំលឹកដែរថា នៅក្នុងឱកាសនៃថ្ងៃប្រារព្ធពិធីបុណ្យធំៗ ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌជាដើម គេសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា រមែងនាំគ្នា យកចង្ហាន់ ឬទេយ្យទានផ្សេងៗ មាន៖ ម្ហូប អាហារ នំ ចំណី ទៅវេរប្រគេនព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈទៅដល់បុព្វការីជន ឬអ្នកមានគុណ មានមាតា បិតា ជីដូន ជីតា ដែលបានចែកឋាន ទៅកាន់បរលោក ឲ្យងាគបែក្រោយ ឲ្យពរសព្វសាធុការ ដល់កូន ចៅ ក្នុងបច្ចុប្បន្នជាតិ សូមប្រកបតែសេចក្ដីសុខចម្រើន។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសឲ្យប្រជាពលរដ្ឋយើង បានយកចំណីអាហារ និងទេយ្យទានផ្សេងៗ ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ នៅតាមទីអារាមនីមួយៗផងដែរ៕