សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានឱ្យចាត់តំណាងគឺលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ែន សំអូន អញ្ជើញប្រារព្ធពិធីបួងសួងនៅខាងមុខព្រះចេតិយព្រះនាងវរភក្ត្រ (ព្រះនាងក្រពុំឈូក) ដើម្បីសុំសេចក្តីសុខ សុំទឹកភ្លៀង និងការជីកព្រែក (ព្រែកជីកហ្វូនណន-តេជោ) ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យទទួលបានសម្រេចជោគជ័យប្រកបដោយសុខសុវត្ថិភាព។
ដែលពិធីបួងសួងនេះធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បានទទួលបដិសណ្ឋារកិច្ច ក្នុងបរិវេណវត្តព្រះវិហារធំសសរ១០០ បារមីស័ក្តិសិទ្ធិ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ែន សំអូន ក៏បានបួងសួងសុំអោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូរទាំងប្រទេសមានសេចក្តីសុខសម្បូរសប្បាយធ្វើស្រែចម្ការច្បារដំណាំដាក់ ចុះដុះឡើង អាជីវករ ពាណិជ្ជករ ធ្វើពាណិជ្ជកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ និងគ្រប់វិស័យមានការរុងរឿងរីក ចម្រើន ជឿនលឿន លូតលាស់ មាននូវប្រសិទ្ធភាព គុណភាព វឌ្ឍនភាពសង្គម ជានិច្ចនិរន្តរ៍តទៅ៕