ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចុះអប់រំសុខភាព វគ្គសង្គ្រោះបឋម ព្រមទាំងការពិនិត្យព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤។
កម្មវិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កោះធំ ដែលស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោក លោកស្រី ជាគណៈប្រតិភូអមដំណើរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី មកពីថ្នាក់កណ្តាល និងមកពីខេត្តកណ្តាល សរុបជាង ៦០០នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ និងតំបន់ជុំវិញប្រមាណជាង ១០,០០០នាក់ ផងដែរ។
កម្មវិធីពិនិត្យជម្ងឺនាឱកាសនេះ បានបែងចែកជា ១៩ផ្នែក រួមមាន៖ (១)ផ្នែកពិនិត្យ និងពិគ្រោះជម្ងឺទូទៅ (២)ផ្នែកវាស់សម្ពាធឈាម (៣) ផ្នែករោគស្ត្រី (៤)ផ្នែកសន្លាក់ឆ្អឺង (៥)ផ្នែកជម្ងឺកុមារ (៦)ផ្នែកសុខភាពផ្លូវចិត្ត (៧)ផ្នែកសុខភាពភ្នែក (៨)ផ្នែកសុខភាពមាត់ធ្មេញ (៩)ផ្នែកអេកូសាស្ត្រ (១០)ផ្នែកបើកឱសថ (១១) ផ្នែកចាក់វ៉ាក់សាំងកូវីដ-១៩ (១២)ផ្នែកវាស់ចង្វាក់បេះដូង (១៣)ផ្នែកពិនិត្យរោគក្រពះ (១៤)ផ្នែកប្រព័ន្ធប្រសាទ (១៥)ផ្នែកជម្ងឺឬសដូងបាត (១៦)ផ្នែកត្រចៀក ច្រមុះ បំពង់ក (១៧)ផ្នែកពិនិត្យឈាម (១៨)ផ្នែកសង្គ្រោះបឋម និង (១៩)ផ្នែកវះកាត់តូច៕