ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង


អំឡុងទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, ភាគីកម្ពុជា បានស្នើដល់កូរ៉េខាងត្បូង ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែក្រុមហ៊ុន និងវិនិយោគកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះ បន្ទាប់ពីការអញ្ជើញត្រឡប់មកដល់មាតុភូមិ ប្រកបដោយសុវត្ថិភាព របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាតាមរយៈគំនិតផ្តួចផ្តើម របស់សម្តេចធិបតី ដាក់ចេញជាសំណើថា គួរតែបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅកម្ពុជា សម្រាប់តែក្រុមហ៊ុនកូរ៉េ សម្រាប់តែវិនិយោទុនកូរ៉េ»។

បន្ថែមពីនោះទៀត ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ការបង្កើតនេះ គោលដៅរបស់កម្ពុជា គឺជំរុញឲ្យក្រុមហ៊ុនកូរ៉េ ដែលកំពុងបន្តរកស៊ីនៅកម្ពុជា បង្កើនទុនវិនិយោគ និងទន្ទឹមនេះ ទាកទាញក្រុមហ៊ុនកូរ៉េដទៃផ្សេង ឲ្យសម្រេចចិត្តមកដាក់ទុនរកស៊ី នៅកម្ពុជា។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ទៀតថា ក្នុងន័យនេះ យន្តការពិគ្រោះយោបល់ ទៀងទាត់មួយរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតកូរ៉េនៅភ្នំពេញ នឹងត្រូវបង្កើតឡើង ដើម្បីសម្របសម្រួលប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌ នៃការជំរុញវិនិយោគកូរ៉េ នៅលើទឹកដីកម្ពុជា។

ឯកឧត្តមបានបន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងអាចលេចចេញជារូបរាងនៅពេលខាងមុខ ហើយនឹងហុចនូវប្រយោជន៍ធំសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលចង់ឱ្យចេញជារូបរៀងលឿនបំផុត ប៉ុន្តែយើងត្រូវទុកពេលឱ្យភាគីទាំងពីរ ជាពិសេស CDC និងស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ពិភាក្សាគ្នាបន្តទៀត។ ហើយថ្ងៃខាងមុខ ក៏មានក្រុមហ៊ុនផ្សេងផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។ បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងលើកកម្ពស់ឲ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។

តាមរយៈទំនាក់ទំនងល្អប្រសើរ កម្ពុជា និងកូរ៉េខាងត្បូង ក៏បានពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នា ក្នុងកំណើនគួរឲ្យកត់សម្គាល់។ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។

ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកូរ៉េ ក្នុងឆ្នាំ២០២៣៖ រួមមាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធានមេកានិក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លាស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។

ទំនិញសំខាន់ៗ ដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធានមេកានិកជាដើម៕