ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប ដើម្បីស្វះស្វែងអូសទាញ និងបញ្ចុះបញ្ចូលអ្នកវិនិយោគនៅសហភាពអឺរ៉ុបឱ្យមកវិនិយោគនៅកម្ពុជា។
ការកៀរគរវិនិយោគបរទេសចូលមកកម្ពុជា គឺជាកិច្ចការដ៏ចាំបាច់មួយក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការវិនិយោគនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែត្រាច់ចរទៅតាមបណ្តាប្រទេសនានា ដើម្បីកៀរគរការវិនិយោគ។
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅតំបន់អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូលអ្នកវិនិយោគនៅតំបន់អឺរ៉ុប ឱ្យចូលមកវិនិយោគនៅកម្ពុជា។
ផ្តើមថ្ងៃដំបូងនៃដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» នៅសហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពិភាក្សាការងារជាមួយលោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ប្រទេសអេស្ប៉ាញ។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបលោកស្រី Amparo Lopez Senovilla អំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថា កម្ពុជា និងអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។
លោកស្រី Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជាផងដែរ។
បន្ទាប់ពីជំនួបនេះទៅនៅថ្ងៃទី១០ ខែមិថុនា ដដែលនេះ ឯកឧត្តម ស៊ុន ចាន់ថុល និងលោកស្រី Amparo Lopez Senovilla បានអញ្ជើញបើកសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំ និងមានការចូលរួមពីសភាពាណិជ្ជកម្មអេស្ប៉ាញ, សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE), គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។
ថ្លែងក្នុងសិក្ខាសាលានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា អំពីសក្តានុពលកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។
ជាសុទិដ្ឋិនិយមសម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
បន្ទាប់ពីនេះ តាមរយៈបទបង្ហាញ និងវគ្គសំណួរចម្លើយរបស់ ឯកឧត្តម សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីបរិយាកាស ការគាំទ្ររបស់រាជរដ្ឋាភិបាល និងសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជា ពិសេសលើវិស័យយានយន្តនិងអេឡិចត្រូនិក, កសិកម្មនិងកសិ-ឧស្សាហកម្ម, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម៕